រដ្ឋធានីសេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូង បានអះអាងថា មនុស្សយ៉ាងតិច ចំនួន១០នាក់ បានបាត់បង់ជីវិត ហើយប្រជាពលរដ្ឋ រាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយពេលមានព្យុះទីហ្វុងហ៊ីនណាមន័រ (Typhoon Hinnamnor) បោកបក់ ឆ្លងកាត់មជ្ឈមណ្ឌលឧស្សាហកម្ម នាភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ។

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា ថា បើតាមរបាយការណ៍ ពីក្រសួងមហាផ្ទៃ និង សុវត្ថិភាព បានបញ្ជាក់ កាលពីថ្ងៃពុធ ថា មនុស្ស ចំនួន៧នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងចំណតរថយន្ត ដែលត្រូវទឹកលិច នៅក្រោមអគារលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុងកំពង់ផែប៉ូហាង (Pohang) នាភាគអាគ្នេយ៍ ប្រទេសកូរ៉េខាងត្បូង។ មនុស្សទាំង៧នាក់នោះ បានជាប់ នៅក្នុងរថយន្ដ ខណៈពួកគេព្យាយាមចេញ ចំពេលទឹកជំនន់ជន់លិច។

បណ្ដាញផ្សព្វផ្សាយ YTN បានបង្ហាញឃ្លីបវីដេអូ ពីរថយន្តខូច ត្រូវបានទាញ ចេញពីយានដ្ឋាន នៅក្រោមដី ដែលមានទឹកលាយភក់ រាំងច្រកចូលរបស់យានដ្ឋាននោះ។ ក្រៅពីនេះ ក៏នៅមានមនុស្សម្នាក់ផ្សេងទៀត បានស្លាប់ ក្រោយការកប់នៅក្នុងផ្ទះ ដោយសារតែការរអិលបាក់ដី នៅទីក្រុងហ្គួងជូ (Gyeongju)។ ដោយឡែក មនុស្ស ចំនួន២នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន ដោយសារតែព្យុះដ៏មានកម្លាំងខ្លាំងនេះ។

អាជ្ញាធរកូរ៉េខាងត្បូង បានអះអាងថា ចំនួនអ្នកបាត់បង់ជីវិត អាចនឹងកើនឡើង ខណៈប្រតិបត្ដិការសង្គ្រោះ កំពុងតែបន្ដរុករកជនរងគ្រោះ ជាមួយនឹងយានយន្ដចុះទឹក ឡើងលើគោករបស់យោធា។ ព្យុះដ៏កំណាចនេះ មានល្បឿនខ្យល់ ស្មើនឹងព្យុះកំបុតត្បូង (Hurricane) ប្រភេទទី២ ដោយមានល្បឿន លើសពី១៥៤គីឡូម៉ែត្រ ក្នុង១ម៉ោង៕