បរទេស៖ ប្រទេសអេហ្ស៊ីបបានរាយការណ៍ពីករណីជំងឺអុតស្វា ឬ Monkeypox ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ​ស្របពេលដែលជំងឺមួយនេះបានរីករាលដាលនៅទូទាំងពិភពលោកសរុបមានជាងកន្លះសែននាក់ ដែលប្រទេសមានអ្នកឆ្លងច្រើនជាងគេគឺប្រទេសអាមេរិកមានករណីអ្នកឆ្លងចំនួន២០,០០០នាក់។

នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២នេះមានសេចក្តីរាយការណ៍ពីសារព័ត៌មាន AFP បានឱ្យដឹងថាក្រសួងសុខាភិបាលប្រទេសអេហ្ស៊ីបបាននិយាយថាខ្លួនបានរកឃើញអ្នកជំងឺអុតស្វាជាលើកដំបូងបង្អស់របស់ប្រទេស ដែលជាបុរសអាយុ ៤២ ឆ្នាំរស់នៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែបុរសម្នាក់នេះគាត់តែងតែធ្វើដំណើរទៅអន្តរជាតិញឹកញាប់។

ទោះជាយ៉ាងណាជាបឋមបុរសរូបនោះត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលបន្ត។

គួរបញ្ជាក់ផងដែរថាអង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះជំងឺមួយនេះកំពុងតែមានការឆ្លងរាលដាលទូទាំងពិភពលោកដែលមានជាងកន្លះសែននាក់ ហើយប្រទេសដែលកំពុងតែមានអ្នកឆ្លងច្រើនជាងគេគឺសហរដ្ឋអាមេរិក ដែលមានចំនួនរហូតដល់ ២០,០០០នាក់៕ ប្រពភ៖ Khaosod