អន្តរជាតិ៖ ការសិក្សាមួយទៀតកំពុងព្រមានអំពីគ្រោះថ្នាក់នៃទឹកជំនន់នៅទីក្រុងបាងកក ដោយនាយកមជ្ឈមណ្ឌលបំរែបំរួលអាកាសធាតុ និងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit លោកវេជ្ជបណ្ឌិត Seree Supharathit បានធ្វើផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក នឹងលិចលង់បាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។ ខណៈលោកបានអះអាងយ៉ាងមុតមាំថា ប្រសិនបើរដ្ឋាភិបាល មិន​បាន​ធ្វើ​អ្វី​ដើម្បី​ទប់​ស្កាត់​រឿង​នេះ​ទេ នោះ​ត្រូវ​រៀបចំ​ផ្លាស់​ទី​រាជធានី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger

លោកបណ្ឌិត Seree Supharathit បានកត់សម្គាល់ថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់កាន់តែច្រើនចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ហើយនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ព្យុះត្រូពិចពី ២ទៅ៣ អាចវាយប្រហារប្រទេសនេះ។ លោក​បាន​និយាយ​ថា ប្រទេស​ថៃ​អាច​នឹង​ទទួល​បាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ដែលមិនធ្លាប់ើមាន​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ។ នៅឆ្នាំនេះ ទឹកជំនន់នឹងកើតឡើងដោយសារខ្យល់ព្យុះដែលអាចរំកិលទៅតំបន់កណ្តាល ហើយជន់លិចដីស្រែចំការ និងហូរហៀរដល់តំបន់សេដ្ឋកិច្ច ឥឡូវទំនប់​ Pa Sak ​ ​ពេញ​ហើយ បើ​បង្ហូរទឹក​ទៅ​ខាង​កើត នោះវា​នឹង​ហូរ​ទៅ​ប្រឡាយ Rangsit ពេល​ទឹក ជន់លិច​ប្រឡាយ​ Phraya Banlue អ្នកក្រុង​បាងកក ត្រូវតែ​ចាប់ផ្តើម​រៀបចំការ​ការពារ​ខ្លួន។

ជាមួយគ្នានោះដែរ លោកបណ្ឌិត Seree បានអំពាវនាវដល់អាជ្ញាធរ រួមទាំងអភិបាលក្រុងបាងកក លោក Chadchart Sittipunt ផងដែរ ឲ្យមានតម្លាភាពអំពីទឹកជំនន់ និងវិធានការទប់ទល់។ លោក​ថា រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​ព័ត៌មាន​ច្បាស់​លាស់​ដល់​សាធារណជន​ទេ ហើយ​នៅ​តែ​ប្រកាន់ខ្ជាប់​វិធានការចាស់ ១៣ ចំណុច​ដែល​មិនអាច​ផ្តល់​ការ​ការពារបាន។

ទោះបីជាយ៉ាងណាក៏ដោយអ្នក​ជំនាញ​បាន​ធ្វើការ​ទស្សន៍ទាយ​ខុសៗ​គ្នា​មួយ​ចំនួន​អំពី​ពេល​ដែល​ទីក្រុង​បាងកក​នឹងត្រូវបាន​លិចបាត់។ ដោយកាលពីនៅឆ្នាំ២០១៩ អ្នកស្រាវជ្រាវព្យាករថា បាងកកអាចលិចបាត់នៅឆ្នាំ២០៥០ ៕