បរទេស៖ កុមារីដែលជាសិស្សមត្តេយ្យបានធ្លោយមាត់និយាយប្រាប់គ្រូថា​”លោកយាយសំងំលាក់ខ្លួនក្នុងទូទឹកកកអស់រយៈពេលជាយូរមកហើយ មិនព្រមចេញមកសោះ” អ្នកគ្រូបង្រៀនមានការសង្ស័យ ក៏បានប្ដឹងប៉ូលិសឱ្យទៅត្រួតពិនិត្យ ចុងក្រោយរកឃើញសពលោកយាយចំណាស់ពិតមែននៅក្នុងទូទឹកកកដែលជាស្នាដៃកូនប្រុសរបស់គាត់យកទៅដាក់អស់រយៈពេល៥ឆ្នាំមកហើយ ព្រោះមូលហេតុមិនមានប្រាក់ធ្វើពិធីបុណ្យ។

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង និងបានក្លាយជារឿងដ៏រសើបសម្រាប់តៃវ៉ាន់ ក្រោយពីមានសេចក្តីរាយការណ៍បញ្ជាក់ពីរឿងរ៉ាវដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បន្ទាប់ពីថ្មីៗនេះក្មេងស្រីមត្តេយ្យម្នាក់ គាត់បានធ្លោយមាត់និយាយប្រាប់គ្រូនៅសាលាថា”យាយកំពុងលាក់ខ្លួននៅក្នុងទូទឹកកកមិនចេញមកទេ”។

ការធ្លោយមាត់និយាយបែបនេះធ្វើឲ្យគ្រូមានអារម្មណ៍ភ្ញាក់ផ្អើល និងមានការសង្ស័យហើយក៏បានរាយការណ៍ភ្លាមៗទៅបុគ្គលិកសង្គមកិច្ចនិងទីភ្នាក់ងារអប់រំរហូត ក៏ដូចជាសមត្ថកិច្ចចុះទៅពិនិត្យក្នុងផ្ទះរបស់ក្មេងស្រីម្នាក់នោះ។

ក្រោយពីធ្វើការត្រួរពិនិត្យគេពិតជាបានរកឃើញសពស្ត្រី អាយុ៨៧ឆ្នាំ លាក់ទុកក្នុងទូទឹកកកនៅផ្ទះរបស់ក្មេងស្រីដែលនាងបានរស់នៅជាមួយនឹងឪពុកអាយុ៦៦ឆ្នាំ ហើយលោកក៏ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយជាសពនោះផងដែរ។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះសាកសពលោកយាយត្រូវបានរក្សាទុកក្នុងទូអស់រយៈពេល៥ឆ្នាំមកហើយ ក្រោមស្នាដៃរបស់កូនប្រុសដែលបានយកទៅរក្សាទុកក្នុងទូទឹកកក ដោយកូនប្រុសម្នាក់នោះបានអះអាងថា កាលពីឆ្នាំ២០១៧ គាត់បាននាំម្តាយឈឺមកផ្ទះដើម្បីមើលថែ ប៉ុន្តែគាត់បានស្លាប់ភ្លាមៗដោយសារតែជំងឺធ្ងន់ធ្ងរ ប៉ុន្តែដោយដោយសារតែស្ថានភាពហិរញ្ញវត្ថុកាន់តែយ៉ាប់យ៉ឺន និងគ្មានលុយ កប់ម្តាយ ដូច្នេះគាត់ដាក់សពម្តាយគាត់ក្នុងទូទឹកកកជាមុនសិន ហើយបានរស់នៅជាមួយសពនេះ អស់រយៈពេល ៥ ឆ្នាំ។

ទោះជាយ៉ាងណាប៉ូលិសបានធ្វើកោសល្យវិច្ច័យ មិនបានរកឃើញមានស្នាមរបួសលើសាកសពនោះទេ ក៏ប៉ុន្តែដោយសារតែទូទឹកកកមិនសូវត្រជាក់ខ្លាំង ទើបធ្វើឱ្យសពមានពណ៌ខ្មៅ ដូច្នេះសមត្ថកិច្ច បានដឹកសាកសពទៅតម្កល់ទុកនៅកន្លែងបញ្ចុះសពជាបណ្តោះអាសន្ន ហើយព័ត៌មានលម្អិតនៃការស្លាប់របស់សពនឹងត្រូវពិនិត្យម្តងទៀត។

គួរបញ្ជាក់ផងដែរថា តាមច្បាប់នៅតៃវ៉ាន់រកឃើញជនណាដែលមិនបានយកសពទៅបញ្ចុះ ឬត្រូវបានរក្សាទុកដោយគ្មានហេតុផលសមរម្យ និងត្រូវផាកពិន័យប្រហែល ២០០ ដុល្លារ៕ ប្រភព៖ Kapook