ក្រចេះ៖ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តក្រចេះ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីលោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់ លោក វន សុវណ្ណារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រចេះព្រមទាំងប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សក្រុង ប្រធាន-អនុប្រធានយុវជនបក្ស យុវនារីសសយកក្រុង គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សចំណុះគណបក្សសង្កាត់ និងនាយក នាយករងអនុវិទ្យាល័យ បឋមសិក្សា ដែលមានសមាសភាពចូលរួមសរុបចំនួន៣៩៤នាក់។

បន្ទាប់ពីលោក សេក ប៊ុនហេង អានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារប្រចាំខែកក្កដារបស់គណៈកម្មាធិការគណបក្សក្រុងរួចមកលោក ឈឿន ប៊ុណ្ណារ័ត្ន បានអានខ្លឹមសារសង្ខេបនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមានមតិវាយតម្លៃសភាពការណ៍ទូទៅសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាឱកាសនោះ លោក វ៉ា ថន បានមានមតិណែនាំនិងលើកទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។

គណៈអធិបតីបានចែកជូនសារុងចំនួន២៣៧សារុង ជាអំណោយសម្រាប់សមាជិកសមាជិកាដែលបានចូលរួមមកពីតាមភូមិនានាក្នុងក្រុងក្រចេះផងដែរ៕