ក្រោយពីអាជ្ញាធរនៅក្នុងប្រទេសកម្ពុជា បានទទួលដំណឹងនៃការរត់គេចខ្លួនរបស់បុរសជនជាតិនីហ្សេរីយ៉ាដែលកំពុងមានជំងឺអុតស្វាពីប្រទេសថៃចូលមកក្នុងទឹកដីប្រទេសខ្មែរ ភ្លាមនោះសមត្ថកិច្ចរបស់ប្រទេសយើងបានធ្វើការតាម​ចាប់យ៉ាងសស្រាក់សស្រាំ រហូតចាប់បានបុរសរូបនោះបាននៅក្នុងទីក្រុងភ្នំពេញចំណុចវត្តភ្នំ រហូតបានក្លាយជារឿងកក្រើកដល់ប្រទេសថៃ និងទទួលបានការសរសើរពីសមត្ថភាពរបស់អាជ្ញាធរកម្ពុជា។

កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ ២០២២ អាជ្ញាធរប្រចាំនៅក្នុង​ប្រទេសកម្ពុជា បានទទួលដំណឹងពីភាគីថៃថាមានបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំ បានរត់គេចខ្លួនពីមន្ទីរពេទ្យក្នុងប្រទេសថៃ ឆ្លងពីខេត្តមួយទៅខេត្តមួយ រហូតប៉ូលិសថៃតាមចាប់មានការលំបាក ហើយចុងក្រោយនៅតែតាមចាប់មិនបានអស់ជាច្រើនថ្ងៃ​។ លុះដល់ថ្ងៃទី២៣ ស្រាប់តែអាជ្ញាធរថៃបានប្រកាសដល់អាជ្ញាធរខ្មែរថាបុរសរូបនោះបានហែលទឹកឆ្លងមកទឹកដីខ្មែរហើយ ក្រោយពីមើលតាមរលសញ្ញាទូរស័ព្ទរបស់គេ។

ជាមួយគ្នានោះបន្ទាប់ពីមានការ ស្វែងរក យ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និង ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលមានព័ត៌មានថាជនសង្ស័យខាងលើ កំពុងស្ថិតនៅតំបន់ រមណីយដ្ឋានវត្តភ្នំ និង ធ្វើកាស្រាវជ្រាវ រហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តតាមវិធានការបន្ដ។

យ៉ាងណាមិញដំណឹងមួយនេះបានផ្សព្វផ្សាយទៅដល់ប្រទេសថៃរហូតធ្វើឱ្យប្រជាជនថៃជាច្រើនបានផ្ទុះការសរសើរយ៉ាងព្រោងព្រាតពីសមត្ថភាពរបស់អាជ្ញារធរកម្ពុជា  ដែលគ្រាន់តែបុរសរូបនោះចូលទឹកដីខ្មែរមិនបានមួយថ្ងៃពេញផងតែអាចរកឃើញអ្នកជំងឺនោះបានទាន់ពេលវេលា ក្នុងនោះក៏មានមហាជនថៃមួយចំនួនបានប្រៀបធៀបពីសមត្ថភាពសហការគ្នារបស់អាជ្ញាធរខ្មែរ និងថៃថាមានភាពខុសគ្នា ព្រោះសមត្ថភាពរបស់អាជ្ញាធរខ្មែរធ្វើការបានល្អ និងទាន់ហេតុការទើបចាប់បានអ្នកជំងឺអុតស្វានោះបានភ្លាមៗបែបនេះ៕