ពិតជារឿងដ៏គួរឱ្យប្រុងប្រយ័ត្ន ក្រោយថៃបានប្រកាសថា ​បុរសជនជាតិនីហ្សេរីយ៉ា បានរត់គេចខ្លួនពីការព្យាបាលជំងឺអុតស្វានៅប្រទេសថៃ ​និងបានធ្វើដំណើរមកដល់ខេត្តស្រះកែវ ហើយពេលនេះបុរសរូបនោះបានឆ្លងមកដល់ទឹកដីកម្ពុជាហើយដោយការលួចឆ្លងហែលទឹក នៅត្រង់ចំណុចស្ពានមិត្តភាពថៃ-កម្ពុជា (ស្ពានស្ទឹងបត់-បានណុងអៀន) និងចង់បន្តដំណើរទៅខេត្ត ព្រះសីហនុបន្ត។

នាថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ២០២២ ​នេះមានការប្រកាសតាមចាប់ខ្លួនបុរសមានផ្ទុកជំងឺ អុតស្វា ជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ នៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញពីមន្ទីរពេទ្យខេត្តភូកេត និងបានធ្វើដំណើរមកដល់ខេត្តស្រះកែវ ដោយគោលបំណងសំដៅចូលមកក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមការតាមដានចេញពីរយៈប្រព័ន្ធរលសញ្ញាទូរស័ព្ទរបស់បុរសរូបនោះ។

ប៉ុន្តែក្នុងពេលថ្មីៗនេះក៏មានការប្រកាសថា បុរសដែលមានផ្ទុកជំងឺអុតស្វានោះបានឆ្លងមកដល់ទឹកដីកម្ពុជាយើងហើយ ដោយការលួចហែលទឹកឆ្លងនៅចំណុចស្ពានមិត្តភាពថៃ-កម្ពុជា (ស្ពានស្ទឹងបត់-បានណុងអៀន) ហើយកំពុងតែមានគេមកទទួលបុរសរូបនោះបន្តដំណើរឆ្ពោះទៅខេត្តព្រះសីហនុ។

យ៉ាងណាមិញអាជ្ញាធរថៃបានបញ្ញាក់ចំពោះ ការស្រាវជ្រាវ និងតាមដានជំងឺអ្នកដែលប៉ះបុរសនោះ គេបានរាយការណ៍ថាអាចនឹងមាន ករណីសង្ស័យឆ្លងដល់ទៅ ៦ នាក់ក្នុងប្រទេសថៃ  ព្រោះបុរសនីហ្សេរីយ៉ារូបនេះបានធ្វើដំណើរទៅច្រើនកន្លែង៕ ប្រភព៖ Khaosod