ពិតជារឿងដ៏គួរឱ្យបារម្ភ ក្រោយពីប្រទេសថៃប្រកាសពីការរកឃើញអ្នកជំងឺអុតស្វាជនជាតិ នីហ្សេរីយ៉ា ហើយក៏បានដាក់ឱ្យសម្រាកព្យាបាលក្នុងខេត្តភូកេត ប៉ុន្តែបុរសរូបនេះ​បានរត់គេចពីការព្យាបាល ហើយត្រូវបានគេដឹងថា បុរសរូបនេះបានធ្វើដំណើរមកដល់ខេត្ត ស្រះកែវហើយ ទើបត្រូវអជ្ញាធរថៃស្នើរសុំកិច្ចសហការពីអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យ  ​ដើម្បីស្វែងរក​ជនបរទេស​ខាងលើ។

ទាក់ទងនឹងបញ្ហានេះផងដែរត្រូវបានគេឱ្យដឹងថា ​ប្រទេសថៃបានប្រកាសស្វែងរកបុរស ជនជាតិនីហ្សេរីយ៉ា អាយុ២៧ ឆ្នាំ ក្រោយពីគេបានរត់គេចពីការព្យាបាលជំងឺអុតស្វា បន្ទាប់ពីពិនិត្យ PCR នៅមន្ទីរពិសោធន៍នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ ក្រោយបុរសរូបនេះចេញរោគសញ្ញាក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម ពងបែកចេញពីប្រដាប់ភេទ រាលដាលដល់ផ្ទៃមុខ និងដើមដៃ រួចក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកភូកេត ប៉ុន្តែនៅយប់ថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ២០២២ គេបានជិះឡានពណ៌សរត់គេចចេញពីមន្ទីរពេទ្យ។

ទន្ទឹមនឹងនោះអាជ្ញារធរក្នុងប្រទេសថៃបានប្រកាសថា បុរសរូបនេះបានធ្វើដំណើរចេញពីខេត្តភូកេតហើយពេលនេះគេបានធ្វើដំណើរទៅដល់ខេត្តស្រះកែវជាប់នឹងខេត្តបន្ទាយមានជ័យដែលជាព្រំប្រទល់រវាងខ្មែរ-ថៃ។

យ៉ាងណាមិញឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានបញ្ជាក់​ ឲ្យដឹ​ងនាព្រឹកថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២២ នេះថា​ បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច​ខ្លួនរបស់បុរសម្នាក់​ ជនជាតិនីហ្សេរីយ៉ា​ ដែលមានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ​ ភ្លាមៗអាជ្ញាធរខេត្តស្រះកែវ​ នៃប្រទេសថៃ​ បានស្នើសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងរក​ជនបរទេស​ខាងលើ ដោយឯកឧត្ត​ម​ អ៊ុំ​ រាត្រី​ បញ្ជាក់បន្តថា​ អាជ្ញាធរ​ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់​ កំពុង តាមដានទៅលើអត្តសញ្ញាណជនបរទេស​រូបនេះបន្ត៕