ប្រទេសថៃ៖ នាថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ ២០២២ នេះមានសេចក្តីរាយការណ៍មកថាប្រទេសថៃបានរកឃើញមានអ្នកផ្ទុកជំងឺអុតស្វាម្នាក់ដែលជាជនបរទេស ជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ ប៉ុន្តែថ្មីៗនេះបុរសរូបនោះបានរត់គេចខ្លួន ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យ លើសពីនេះគេថែមទាំងរកឃើញថា អ្នកជំងឺធ្លាប់បានរួមភេទជាមួយនឹងនារីក្នុងខេត្តភូកេត ដោយមិនមានការការពារថែមទៀតផង។

ទាក់ទងនឹងបញ្ហានេះផងដែរ ត្រូវបានគេឱ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានគេរកឃើញថាមានផ្ទុកនូវជំងឺ អុតស្វា ក្រោយពីមានការត្រួតពិនិត្យ និងធ្វើតេស្តរកមេរោគ ក្រោយពីគេចេញរោគសញ្ញាមួយចំនួន ហើយលទ្ធផលបឋមនៃការពិនិត្យ PCR នៅមន្ទីរពិសោធន៍នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ បានបង្ហាញថាបុរសបរទេសម្នាក់នេះមានផ្ទុកមេរោគ Monkeypox ដែលជាជំងឺអុតស្វា។ ក្រោយពីបានរកឃើញថាមានជំងឺអុតស្វារួចមកបុរសម្នាក់នេះត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ភូកេត ដើម្បីតាមដានជំងឺ និងព្យាបាល ប៉ុន្តែនៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ អ្នកជំងឺរូបនេះបានបើករថយន្តពណ៌សរត់គេចខ្លួនបាត់ស្រមោលឆឹង។

ទន្ទឹមនឹងនោះប្រភពដដែលបានឱ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះធ្លាប់មានសម្ព័ន្ធផ្លូវភេទជាមួយនឹងនារីក្នុងខេត្តភូកេត ដោយមិនបានការពារ មុនថ្ងៃដែលគេបានរកឃើញថាលោកមានផ្ទុះជំងឺអុតស្វា។

បញ្ហានេះបានបង្កការភ្ញាក់ផ្អើលពេញទាំងប្រទេសថៃ ​ជាពិសេសអាជ្ញាធរក្នុងខេត្តភូកេតកំពុងតែស្វែងរក និងស្រាវជ្រាវរកនារីធ្លាប់រួមភេទជាមួយគេ ក៏ដូចជាស្វែងរកបុរសរូបនោះ ក៏ដូចជាប្រកាសបិទច្រកចេញចូលក្នុងខេត្តទាំងអស់ដើម្បីស្វែងរកមកព្យាបាលបន្ត កុំឱ្យមាន​ការឆ្លងរាលដាលពាសពេញប្រទេស។ ក្នុងនោះអាជ្ញាធរក៏បានបង្ហាញមុខបុរសរូបនេះជាសាធារណៈ ក្នុងការងាយស្រួលស្វែងរក និងបង្ការការប្រុងប្រយ័ត្នពីការឆ្លងជំងឺផងដែរ៕ប្រភព៖ Khaosod