បរទេស៖ អាជ្ញាធរក្នុងតំបន់មួយនៃប្រទេសជប៉ុនបានធ្វើការប្រមាញ់សត្វស្វាព្រៃ បន្ទាប់ពីពួកវាបានចូលទៅ លុកលុយ និងបានធ្វើបាបដល់ប្រជាជនក្នុងភូមិ បណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារថែមទៀតផង។

នាថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២២នេះ មានសេក្ដីរាយការណ៍មកថា​ នៅក្នុងទីក្រុង Ogori នៅក្នុងខេត្ត Fukuoka  នៅលើកោះ Kyushu របស់ប្រទេសជប៉ុន ដោយអ្នកភូមិនៅក្នុងតំបន់នេះ មានការព្រួយបារម្ភជាខ្លាំង ព្រោះត្រូវបានសត្វស្វាព្រៃជាច្រើនចូលមកក្នុងភូមិ ដែលបានបង្កជាគ្រោះថ្នាក់ ដល់អ្នកភូមិ ដោយការចូលទៅលុកលុយក្នុងផ្ទះ និងចូលក្នុងសាលារៀនរបស់ក្មេងៗ  ពួកវាតែងតែគាស់បង្អួច ចូលក្នុងផ្ទះ អ្នកភូមិជានិច្ចព្រមទាំងធ្វើបាបដល់មនុស្ស ដោយការខាំ និងខ្វាច បណ្ដាលឱ្យរងរបួស រហូតទៅដល់ ២០នាក់ ក្នុងនោះមានកុមារអាយុ ១០ ខួបម្នាក់ផងដែរ។

ដោយករណីនេះបានកើតឡើងចាប់ពី ថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២២ មកម្លេះ ជាក់ស្ដែងនៅថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ ២០២២នេះ  សត្វស្វាបានវាយលុកសាលាបឋមសិក្សាមួយកន្លែង ដោយបានខាំក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ត្រង់ដៃទាំងសងខាង បន្ទាប់មកបានវាយប្រហារទៅលើស្ត្រីពីរនាក់ផ្សេងទៀត ដែលមានវ័យ ៦០ឆ្នាំ ​និង ស្ត្រីវ័យ ៨០ឆ្នាំ បន្ថែមទៀត។

ទោះជាយ៉ាងណាបញ្ហានេះ ត្រូវបានអាជ្ញាធរធ្វើការបង្កាបសត្វស្វាព្រៃទាំងអស់នោះដោយការតាមប្រមាញ់ ក៏ដូចជាបង្កើនការល្បាតក្នុងតំបន់ និងជំរុញឱ្យអ្នកស្រុកបិទបង្អួច ខណៈប្រតិបត្តិការកំពុងបន្តតាមប្រមាញ់សត្វស្វាព្រៃទាំងអស់នេះ។

យ៉ាងណាមិញអ្នកនាំពាក្យការិយាល័យទីក្រុង Ogori បាននិយាយថា ភាគច្រើននៃតំបន់នៅក្នុងទីក្រុង Ogori ត្រូវបានរស់នៅដោយពពួកស្វាព្រៃ ភាគច្រើនពួកវាត្រូវបានរកឃើញនៅក្នុងឧទ្យាន ហើយជារឿយៗស្វាទាំងអស់នោះតែងតែដេញតាមដណ្ដើមអាហារពីភ្ញៀវ និងតែងតែមកវាយប្រហារមនុស្សជាដើម៕ ប្រភព៖ Khaosod