ប្រទេសថៃ៖ កាលពីថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២២ កន្លងទីនេះ ក្រសួងឧតុនិយមថៃ បានចេញសេចក្ដីប្រកាស និងឱ្យប្រជាជនមានការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិ ដែលនឹងមានភ្លៀងធ្លាក់ ខ្យល់ ផ្គរ រន្ទះ ព្រមទាំងមានជំនន់ទឹកភ្លៀងនៅក្នុងតំបន់មួយចំនួនផងដែរ។

ទាក់ទងនឹងបញ្ហានេះផងដែរត្រូវបានគេរាយការណ៍មកថា ប្រទេសថៃនឹងទទួលរងនូវឥទ្ធិពលនៃខ្យល់ មូសុង ធ្លាក់ពាសពេញភាគខាងជើង ភាគឦសាន និងតំបន់កណ្តាលខាងលើ បន្ថែមពីនេះ ខ្យល់មូសុងនិរតីដែលបក់បោកមកសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ក៏នឹងមានឥទ្ធិពលកើនឡើងកាន់តែខ្លាំងផងដែរ។ ដែលធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់កាន់តែច្រើន និង មានភ្លៀងធ្លាក់ខ្លាំង នៅតំបន់មួយចំនួន ដូចជាភាគខាងជើង តំបន់ភាគ ឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ តំបន់ភាគខាងកើត និងភាគខាងត្បូងផងដែរ។

ជាមួយគ្នានោះផងដែរ ឥទ្ធិពលនៃភ្លៀងធ្លាក់នេះត្រូវបានគេបញ្ជាក់ថានឹងចាប់ផ្ដើមពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ២០២២ នេះ។​

អាស្រ័យហេតុនេះ ទើបក្រសួងស្នើឱ្យប្រជាជនក្នុងប្រទេសថៃទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង និងអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ដែលបង្កជាហានីភ័យជាយថាហេតុណាមួយកើតឡើង៕ ប្រភព៖ Khaosod