បរទេស៖ នាថ្ងៃទី១៩ ខែ កក្ដដា ឆ្នាំ២០២២ នេះមានសេចក្តីរាយការណ៍ថា មានគូស្នេហ៍មួយគូបានជ្រើសរើសទីតាំងនៅមាត់សមុទ្រដើម្បីប្រារព្ធពិធីរៀបការរបស់ខ្លួនឱ្យស្រស់ស្រាយ ស្រាប់តែមិនបាន៥នាទីផង ​រលកបោកបក់កម្ពស់ ៤.៥ ម៉ែត្របំផ្លាញរោងការ និងកន្លែងទទួលភ្ញៀវខ្ទេចខ្ទីអស់។

ទាក់ទងនឹងឧបទ្ទវហេតុនេះផងដែរត្រូវបានគេដឹងថាគូស្នេហ៍មួយគូនោះបានសម្រេចចិត្តជ្រើសរើសទីតាំងមាត់សមុទ្រនៅកោះហាវ៉ៃ​​ នៃសហរដ្ឋអាមេរិក ដើម្បីជាទីកន្លែងប្រារព្ធពិធីអាពាហ៍ពិពាហ៍ក៏ដូចជាទីតាំងរៀបចំតុក្នុងការទទួលភ្ញៀវកិត្តិយសនៃថ្ងៃពិសេសរបស់ពួកគេ ម្យ៉ាងទៀតកោះ ហាវ៉ៃ គឺជាទីពេញនិយមសម្រាប់គូស្នេហ៍ជាច្រើនដែលបានជ្រើសទីតាំងនេះសម្រាប់រៀបការ។ ជាមួយគ្នានោះផងដែរខណៈដែលពិធីកំពុងតែចាប់ផ្ដើមបាន៥នាទី និងមានការចូលរួមពីភ្ញៀវយ៉ាងច្រើនកុះករ ព្រមទាំងមានការលើកនូវកាំមេរ៉ាផ្ដិតយករូបភាពក្នុងថ្ងៃមង្គលមួយនេះ ស្រាប់តែមានរលកបោកបក់យ៉ាងខ្លាំង មកលើរោងពិធី រហូតបានបណ្ដាលឱ្យ តុ និងកៅអីដួលរលំ និងជោកទៅដោយទឹកសមុទ្រ ហើយក៏បានធ្វើឱ្យភ្ញៀវទាំងអស់មានការអស់សង្ឃឹមជាខ្លាំង។

ទោះជាយ៉ាងណាក៏ដោយពិធីមង្គលការនៅតែបានបន្តបន្ទាប់ពីរលកបានស្ងប់ស្ងាត់ទៅ ហើយអ្នករាល់ គ្នាបានសម្អាតតុ និង កៅអី ក្រោយពីពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីនេះត្រូវបានបញ្ចប់ទៅដោយជោគជ័យ។

យ៉ាងណាមិញលោក Chris Brenchley អ្នកឧតុនិយមនៅការិយាល័យឧតុនិយមរដ្ឋ Honolulu បាននិយាយថា រលកអាចមានកម្ពស់ពី ៣.៦ ទៅ ៤.៥ ម៉ែត្រ ដែលជារឿងកម្រណាស់ ហើយវាជារលកដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានកើតឡើងនេះ។ ក្នុងនោះវាក៏បានបញ្ជាក់ផងដែរ រលកទាំងនេះគឺជាឥទ្ធិពលបំផ្លិចបំផ្លាញនៃការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើង បើទោះបីជាមានការកើនឡើងនៃនីវ៉ូទឹកសមុទ្រក៏អាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅពេលដែលមានព្យុះដ៏ធំ ឬកម្ពស់ទឹកសមុទ្រនឹងកើនឡើងដូចគ្នា៕  ប្រភព៖ tna.mcot.net