ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មានញូវដែលី បានឱ្យដឹងថា អាជីវករ និងម្ចាស់ហាងនៅក្នុងប្រទេសឥណ្ឌានឹងធ្វើបាតុកម្មនៅទូទាំងប្រទេសនៅសប្តាហ៍ក្រោយនេះ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលលើទំនិញ និងសេវាកម្មផ្សេងៗពីថ្ងៃនេះតទៅ។

ទាក់ទងនឹងបញ្ហានេះផងដែរប្រធានសហព័ន្ធពាណិជ្ជករ ឥណ្ឌាដែលមានទាំងម្ចាស់ហាង និង អាជីវករ លក់ដុំជាង ១០ លាននាក់បាននិយាយថា រដ្ឋាភិបាលបានដំឡើងពន្ធលើផលិតផលអាហាររហូតទៅដល់ ៥ ភាគរយ ពីការមិនបង់ពន្ធដើម និងបានដំឡើងពន្ធលើផលិតផលផ្សេងៗទៀត ដែលបានបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ និងអាជីវករទូទាំងប្រទេស។ អាស្រ័យហេតុនេះសមាជិកសហព័ន្ធនឹងរួមគ្នាធ្វើបាតុកម្មទូទាំងប្រទេសនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះដោយចាប់ផ្តើមពីរដ្ឋធានី Madhya Pradesh ដែលជាអាសនៈរបស់គណបក្ស Bharatiya Janata របស់នាយករដ្ឋមន្ត្រី Narendra Modi កាន់អំណាចបច្ចុប្បន្ន ។

គួរបញ្ជាក់ផងដែរថានាយករដ្ឋមន្ត្រី Modi បានអនុម័តប្រព័ន្ធយកពន្ធលើទំនិញ និងសេវាកម្ម (GST) ជាអត្រាពន្ធទូទាំងប្រទេសកាលពីឆ្នាំ ២០១៧ ជំនួសឱ្យការប្រើប្រាស់អត្រាពន្ធផ្សេងៗគ្នារវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់  ហើយក្រសួងហិរញ្ញវត្ថុក៏បានចាប់ផ្ដើមប្រកាសនៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២២ ថានឹងពង្រីកពន្ធ ៥ ភាគរយបន្ថែមទៀតនាពេលបច្ចុប្បន្នលើទំនិញគ្រប់ប្រភេទ រាប់បញ្ចូលទាំងអាហារគ្មានបិទស្លាក ដែលដាក់លក់ក្នុងទម្ងន់ ២៥ គីឡូក្រាម ឬ ២៥ លីត្រឡើងទៅ។

យ៉ាងណាមិញការដំឡើងពន្ធនេះនឹងបង្កើនបន្ទុកយ៉ាងធ្ងន់ធ្ងរដល់គ្រួសារនៅក្នុងប្រទេសឥណ្ឌាដែលរងគ្រោះពីការខ្វះខាត និងជីវភាពប្រចាំថ្ងៃរបស់ពួកគេជាខ្លាំង៕ ប្រភព៖ tna.mcot.net