ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានការបង្ហោះនូវសកម្មភាពក្មេងស្រីម្នាក់ ជិះដំរីទៅសាលារៀនជារៀងរាល់ថ្ងៃ ក្នុងគោលបំណងចង់សន្សំសំចៃការចំណាយខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ។

កាលពីពេលថ្មីៗនេះមានការបង្ហោះទាក់ទង​នឹងក្មេងស្រីម្នាក់ដែលមានឈ្មោះថា ប៉ូប៉េ អាយុ១១ឆ្នាំ រស់នៅក្នុងខេត្ត បុរីរ៉ាំ (Buriram) នៃប្រទេសថៃ យុវតីម្នាក់នេះបានធ្វើឱ្យគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំងព្រោះតែ ប៉ូប៉េ នាងតែងតែធ្វើដំណើរទៅសាលារៀនដោយការជិះដំរីជារៀងរាល់ថ្ងៃ ក៏ដូចជាការធ្វើដំណើរទៅកន្លែងផ្សេងៗ។ ដោយដំរីមួយក្បាលនេះត្រូវបានគេស្គាល់ឈ្មោះថា ប៉ាង សៃថុង ឬ ចាវ អូឡេ ជាដំរី ឈ្មោល (មានភ្លុក) អាយុ ២៥ ឆ្នាំ ក្នុងនោះគេសង្កេតឃើញថា ក្មេងស្រី ប៉ូប៉េ និងដំរីមួយក្បាលនេះពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាជាខ្លាំង ព្រោះពីដំបូងឡើយលោក វិសាន់ ឆុន យុងគ្រាម (Wisanchon Yongram) អាយុ ៣៨ ឆ្នាំដែលត្រូវជាឪពុករបស់ក្មេងស្រីម្នាក់នេះបានយកដំរីបួនក្បាលមកពីខេត្តអយុទ្យាត្រឡប់មកស្រុកកំណើតវិញ ព្រោះតែបញ្ហាកូវីត-១៩ ដូច្នេះហើយទើបកូនស្រីរបស់លោកមានឱកាលក្នុងការជិះដំរីធ្វើដំណើរពេញទាំងភូមិបែបនេះ ម្យ៉ាងទៀតប៉ូប៉េ នាងមានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងដំរីព្រោះពីតូចក្មេងម្នាក់នេះតែងតែនៅលើខ្នងដំរីជានិច្ច លុះដល់អាយុ៦ឆ្នាំ ប៉ូប៉េ ត្រូវឪពុកម្ដាយបណ្ដោយឱ្យជិះលើខ្នងដំរីតែម្នាក់ឯង។

ទន្ទឹមនឹងនោះផងដែរ ប៉ូប៉េនាងបានរៀបរាប់ថាខ្លួន នៅជាមួយនឹងដំរីតាំងពីក្មេង ចំណែកការជិះដំរីទៅសាលាចម្ងាយពីផ្ទះ ជិត ៥០០ ម៉ែត្រព្រោះចង់ជួយអ្នកផ្ទះសន្សំ សំចៃខណៈសាំងកំពុងឡើងថ្លៃ។ មិនតែប៉ុណ្ណោះដំបូងឡើយគ្រូ និង មិត្តភ័ក្តិនៅសាលាមានការភ្ញាក់ផ្អើល ប៉ុន្តែក្រោយមកវាហាក់ដូចជារឿងធម្មតា។ ជាមួយគ្នានោះខ្លួនតែងតែគោរព ដំរីឈ្មោលមួយក្បាលនេះជានិច្ចមុនពេលឡើងជិះ ព្រោះតែជាដំរីដែលមានគុណ និងមានកិត្យានុភាព ដូច្នេះហើយទើបនាងសុំការលើកលែងទោស ទាំងពេលឡើងនិងចុះគ្រប់ពេល។

យ៉ាងណាមិញ ប៉ូប៉េ បានបន្តថា ពេលធំឡើងគេសុបិនចង់ក្លាយជាគ្រូពេទ្យសត្វ ដើម្បីបានជួយសង្គ្រោះសត្វដំរីផងដែរ៕ ប្រភព៖ tna.mcot.net