ប្រទេសជប៉ុន៖ នាថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានការជួបប្រទះនូវសត្វអណ្ដើកសមុទ្របៃតង ឬ Green Sea turtle ដែលជាប្រភេទកណ្ដើកជិតផុតពូជបានដេកស្លាប់នៅមាត់សមុទ្រជាច្រើនក្បាលក្នុងប្រទេសជប៉ុន។

ទាក់នឹងការប្រទះឃើញនេះផងដែរត្រូវបានគេដឹងថា អ្នកភូមិនៅលើកោះ (Kumejima) ខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានប្រទះឃើញអណ្តើកពណ៌បៃតងងាប់ជាច្រើនក្បាលនៅលើឆ្នេរ រួចក៏បានរាយការណ៍ទៅកាន់អាជ្ញាធរ។ ក្រោយពីទទួលបានដំណឹងរួចមកអ្នកជីវវិទូសមុទ្រ និងបុគ្គលិកមកពីសារមន្ទីរអភិរក្សអណ្តើកសមុទ្រ Kumejima បានប្រញាប់ទៅកន្លែងនោះ  និងធ្វើការត្រួតពិនិត្យសាកសពអណ្តើក ហើយត្រូវបានគេរកឃើញសាកសពអណ្ដើករហូតទៅដល់៣០ក្បាល ក្នុងនោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលសត្វអណ្តើកភាគច្រើនសុទ្ធតែមានស្នាមដែលត្រូវវត្ថុមុតស្រួចចាក់ចំបំពង់ក ហើយខ្លះទៀតត្រូវបានកាត់ជើង។

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Mainichi ក៏បានរាយការណ៍ថា យ៉ាងហោចណាស់ទូកនេសាទមួយបានសារភាពថាខ្លួនបានសម្លាប់សត្វអណ្តើកដើម្បីយកវាចេញពីសំណាញ់នេសាទរបស់ពួកគេដែលកំពុងនេសាទ។

បញ្ហានេះត្រូវបានអាជ្ញាធរកំពុងតែប្រញាប់ប្រញាល់ស៊ើបអង្កេតបន្ត ព្រមទាំងបានលើកឡើងថាអ្នកនេសាទទាំងអស់នៅក្នុងតំបន់កោះ Kumejima អាចនឹងមានទោស ពីបទធ្វើបាបសត្វ ឬប្រឆាំងនឹងប្រតិបត្តិករជលផល ប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធណាមួយ។

គួរបញ្ជាក់ផងដែរថាអណ្តើកសមុទ្របៃតងត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជនៅក្នុងប្រទេសជប៉ុន រួមទាំងស្ថិតនៅក្នុងក្រុមអភិរក្សនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះអាហារចម្បងរបស់ពួកវាគឺសារ៉ាយសមុទ្រដែលមានដុះយ៉ាងច្រើនក្រៃលែងនៅឆ្នេរសមុទ្រនៃកោះ Kumejima មានចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រភាគខាងត្បូងនៃកោះសំខាន់ៗរបស់ប្រទេសជប៉ុន ហើយថែមទាំងជាទីតាំងដែលបានការពារអណ្តើកដ៏កម្រនេះផងដែរ៕ ​ប្រភព៖ Thaitath