រដ្ឋធានីគៀវ៖ ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា អត្ដពលិក និង គ្រូបង្វឹករបស់អ៊ុយក្រែន បានបាត់បង់ជីវិត កើនដល់ជិត១០០នាក់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលជិត៥ខែកន្លងមកនេះ។

សារព័ត៌មាន Pravda បានផ្សាយថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា គ្រូបង្វឹក និង អត្ដពលិក សរុប ៨៩នាក់ បានបាត់បង់ជីវិត នៅក្នុងសង្គ្រាមនេះ។ ដោយឡែក អត្ដពលិក ចំនួន១៣នាក់ផ្សេងទៀត ត្រូវបានកងទ័ពរុស្ស៊ី ចាប់ខ្លួន ហើយជាង១សែននាក់ មិនមានឱកាសហ្វឹកហ្វឺន។

ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងអំឡុងជំនួបជាមួយនឹងលោក ថូម៉ាស បាច (Thomas Bach) ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ហៅកាត់ (IOC) ថា «អត្ដពលិកអ៊ុយក្រែន ជាច្រើនបានចូលរួមជាមួយនឹងកងទ័ព ដើម្បីការពារទឹកដីរបស់យើង ដើម្បីការពារទឹកដី នៅលើសមរភូមិ។ ក្រៅពីគ្រូបង្វឹក និង អត្ដពលិក ចំនួន៨៩នាក់ បានបាត់បង់ជីវិតនោះ ក៏មានអត្ដពលិក ចំនួន១៣នាក់ផ្សេងទៀត ត្រូវបានកងទ័ពរុស្ស៊ី ចាប់ខ្លួន នាំទៅឃុំឃាំង នៅលើទឹកដីរបស់ពួកគេ។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានបញ្ជាក់ថា IOC នឹងបង្កើននូវថវិកា នៃមូលនិធិដែលបានរៀបចំ ជួយទ្រទ្រង់ដល់អត្ដពលិកអ៊ុយក្រែន ពី២,៥លាន ដល់ ៧,៥លានដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ គណៈកម្មាធិការនេះ កំពុងតែជួយជ្រោមជ្រែង ដល់អត្ដពលិកអ៊ុយក្រែន ចំនួន ៣០០០នាក់៕