រដ្ឋធានីគៀវ៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេលជិត៥ខែកន្លងមកនេះ ថ្វីបើរុស្ស៊ីបានដណ្ដើមកាន់កាប់តំបន់មួយចំនួន នៅភាគខាងកើតអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែប្រធានតំបន់លូហាន់ស្ក៍ (Luhansk) បានអះអាងថា អ៊ុយក្រែន មិនបានចាញ់សង្រ្គាមនោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ថា លោក ស៊ើរហ៊ីយ ហ៊ីដាយ ( Serhiy Haidai) ចៅហ្វាយខេត្តលូហានស្ក៍ បានអះអាងថា កម្លាំងការពារទឹកដីអ៊ុយក្រែន ដែលបានដកថយ ចេញពីទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ឥឡូវនេះកំពុងតែគ្រប់គ្រងសមរភូមិ រវាងទីក្រុងបាខ្មូត (Bakhmut) និង ស្លូវៀនស្ក៍ (Sloviansk) ។ កម្លាំងការពារទឹកដីអ៊ុយក្រែន បានរៀបចំមូលដ្ឋានរបស់ខ្លួននៅទីនោះ ដើម្បីត្រៀមទប់ទល់នឹងការវាយរុលទៅមុខរបស់រុស្ស៊ី បន្ថែមទៀត។

លោក ស៊ើរហ៊ីយ ហ៊ីដាយ ( Serhiy Haidai) ចៅហ្វាយលូហានស្ក៍ បានទទួលស្គាល់ថា ខេត្តទាំងមូលរបស់គាត់ ឥឡូវនេះ កំពុងតែស្ថិតក្នុងកណ្ដាប់ដៃរបស់រុស្ស៊ី។ ប៉ុន្តែគាត់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា «យើងត្រូវការឈ្នះសង្រ្គាម មិនមែនត្រឹមតែសមរភូមិនៅទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) … ប៉ុណ្ណោះទេ។ ការបាត់បាត់បង់លីស៊ីចាន់ស្ក៍ ពិតជាឈឺចាប់ណាស់ ប៉ុន្តែអ៊ុយក្រែន នឹងមិនចាញ់សង្គ្រាមនោះឡើយ»។

រុស្ស៊ី បានវាយដណ្តើមកាន់កាប់ទីក្រុង Lysychansk នាភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា ។ ចំណែកការវាយប្រយុទ្ធយ៉ាងខ្លាំងក្លា បានបញ្ចប់ ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានចូលទៅគ្រប់គ្រងខេត្ត Luhansk ដែលជាតំបន់មួយ ស្ថិតក្នុងចំណោមតំបន់២ ដែលក្រុងមូស្គូបានទាមទារឱ្យអ៊ុយក្រែន ប្រគល់ទៅឲ្យពួកបំបែកខ្លួន នៅក្នុងតំបន់ដុនបាស (Donbas) គាំទ្រដោយរុស្ស៊ី៕