រាជធានីតូក្យូ៖ ស្របពេលរុស្ស៊ីកំពុងតែធ្វើសង្គ្រាមយ៉ាងឃោរឃៅ នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលចិនកំពុងតែបង្កើនឥទ្ធិពលយោធាឥតឈប់ឈរ នៅក្នុងតំបន់ ដោយមានគោលដៅជាចម្បង ទៅលើការកាន់កាប់កោះតៃវ៉ាន់ ផងនោះ ប៉ុន្ដែបច្ចុប្បន្ន ជប៉ុនជាប្រទេសមហាអំណាចយោធាលំដាប់លេខ៥ នៅលើពិភពលោក ក៏បានចាប់ផ្ដើមបញ្ចេញនាវាពិឃាដជាង១០គ្រឿង បំពាក់ដោយគ្រឿងចម្បាំងទំនើបៗ មើលទៅគួរឲ្យញាក់សាច់បំផុត។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ថា បើតាមគណនីបណ្ដាញសង្គមធ្វីតធើរ (Twitter) ជាផ្លូវការ នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (ហៅកាត់ JMSDF) កាលពីពេលថ្មីៗនេះ បានចែករំលែកនូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល អំពីនាវាពិឃាដ ប្រភេទហាតស៊ូយូគិ ( Hatsuyuki-Class) ចំនួន១១គ្រឿង នៅក្នុងចំណោម១២គ្រឿង កំពុងតែធ្វើនាវាចរណ៍យ៉ាងជិតៗគ្នា មើលទៅដ៏គួរឱ្យញ៉ាក់សាច់។

បើគេមើលតាមលេខរៀងនាវារបស់ជប៉ុន នៅក្នុងរូបថត ឃើញថា នាវាចម្បាំងទាំងនេះ មើលទៅឃើញតម្រឹមយ៉ាងល្អឥតខ្ចោះ។ នាវាពិឃាដ Hatsuyuki ស្ថិតក្នុងចំណោមនាវាចម្បាំងដំបូងគេ ត្រូវដាក់ឲ្យប្រើប្រាស់ នៅក្នុងជួរកងទ័ពជើងទឹករបស់ជប៉ុន នាដើមទសវត្សរ៍ ឆ្នាំ១៩៩០។

ទោះជាយ៉ាងណា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន មិនបានផ្ដល់កាលបរិច្ឆេទ ឬពេលវេលាច្បាស់លាស់ នៃរូបភាពរបស់កងនាវាពិឃាដទាំងនោះឡើយ។

នាវាចម្បាំងរបស់កងទ័ពជើងទឹកជប៉ុន ប្រភេទ Hatsuyuki ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការគ្នា រវាងក្រុមហ៊ុនផលិតកម្មផ្សេងៗគ្នា រួមមាន ក្រុមហ៊ុនសាជីវកម្មហ៊ីតាឈិ ហ្សូសែន (Hitachi Zosen Corporation) និង ក្រុមហ៊ុនឧស្សហកម្មធុនធ្ងន់ មីតស៊ូប៊ីស៊ី (Mitsubishi Heavy Industries )។

នៅក្នុងឆ្នាំ២០២២ ជប៉ុន នៅតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣ និង ជាមហាអំណាចយោធាលំដាប់លេខ៥ នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិកឈរលំដាប់លេខ១ ទាំងសេដ្ឋកិច្ច និង យោធា ហើយចិនឈរលេខ២ខាងសេដ្ឋកិច្ច និង លេខ៣ខាងយោធា។ ដោយឡែករុស្ស៊ី ឈរ២ខាងយោធា ខណៈឥណ្ឌា ឈរលេខ៤ ខាងវិស័យយោធាផងដែរ៕