រដ្ឋធានីញូវដេលី៖ ប្រជាពលរដ្ឋឥណ្ឌា បានចេញមកតាមដងផ្លូវ នៅក្នុងរដ្ឋជាច្រើន នាភាគខាងកើត ប្រទេសអាស៊ីខាងត្បូងមួយនេះ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោកនាយករដ្ឋមន្រ្ដី ហើយអាជ្ញាធរក៏បានសម្រេចផ្អាកដំណើរការបណ្ដាញអ៊ិនធើរណេត នៅតាមតំបន់ជាច្រើន។

សារព័ត៌មាន SWI (swissinfo.) បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ថា មន្រ្ដីប៉ូលិស បានបញ្ជាក់ នៅថ្ងៃនេះ ថា អាជ្ញាធរឥណ្ឌា បានផ្អាកដំណើរការសេវាកម្មអ៊ិនធើរណិតនៅតាមតំបន់ជាច្រើន នៃរដ្ឋប៊ីហារ (Bihar) ស្ថិតនៅភាគខាងកើត ប្រទេសអាស៊ីខាងត្បូងមួយនេះ។ សកម្មភាពរបស់អាជ្ញាធរ គឺមានគោលបំណង បញ្ឈប់នូវការប្រមូលផ្តុំគ្នា ជាសាធារណៈ និង ការតវ៉ាដោយហិង្សា ជុំវិញផែនការជ្រើសរើសកងទ័ពរបស់រដ្ឋាភិបាល។

ទោះជាយ៉ាងណា ការផ្ទុះបាតុកម្មហិង្សា នៅតាមតំបន់ជាច្រើន ប្រឆាំងនឹងគោលនយោបាយរបស់លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា ជុំវិញការជួលទាហានសម្រាប់រយៈពេលខ្លីនេះ បានបណ្ដាលឲ្យបាតុករម្នាក់ បាត់បង់ជីវិត ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស។

រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ថា ប្រព័ន្ធវិថីអគ្គី មានគោលបំណង ដឹកនាំមនុស្សកាន់តែច្រើន មកចូលរួមនៅក្នុងវិស័យយោធា តាមកិច្ចសន្យា រយៈពេល៤ឆ្នាំ ដើម្បីកាត់បន្ថយនូវអាយុជាមធ្យម នៃកម្លាំងប្រដាប់អាវុធរបស់ឥណ្ឌា ដែលមាន ចំនួន១,៣៨លាននាក់ និង កាត់បន្ថយនូវការចំណាយលើប្រាក់សោធននិវត្តន៍ ដែលកំពុងតែកើនឡើង។

ដោយឡែក ក្រុមអ្នកតវ៉ា ភាគច្រើនជាយុវជន បានអះអាងថា ផែនការនេះ នឹងកំណត់ឱកាសសម្រាប់ការងារអចិន្ត្រៃយ៍ជាមួយនឹងកងកម្លាំងការពារ ធានានូវប្រាក់បៀវត្សរ៍ថេរ ប្រាក់សោធននិវត្តន៍ និង អត្ថប្រយោជន៍ផ្សេងៗទៀត។ ចំណែកក្រុមបាតុករ បានចេញមកតាមដងផ្លូវ នៅក្នុងរដ្ឋប៊ីហារ (Bihar), តេឡានហ្គាណា (Telangana), ឧត្ដារ ប្រាដេស (Uttar Pradesh) និង បឹងហ្គាល់ខាងលិច (West Bengal) ដើម្បីប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល៕