រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ចិនបានចាប់ផ្ដើមបញ្ចេញនូវនាវាផ្ទុកយន្ដហោះចម្បាំងថ្មីរបស់ខ្លួន ហើយនាវាទី៣របស់ប្រទេសមហាយក្សនៅអាស៊ីមួយនេះ ត្រូវបានរចនា និង សាងសង់ឡើងទាំងស្រុងជាលើកដំបូង តាមបច្ចេកវិទ្យាជាន់ខ្ពស់ នៅក្នុងប្រទេស ហើយនេះក៏ជាការបង្ហាញ អំពីការរីកចម្រើនផ្នែកយោធារបស់ក្រុងប៉េកាំងផងដែរ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ថា ការប្រកាសពីការបញ្ចេញនាវាផ្ទុកយន្ដហោះទី៣របស់កងទ័ពរំដោះប្រជាជនចិននេះ បានកើតឡើង ចំពេលមានភាពតានតឹង រវាងក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន កាន់តែខ្លាំងឡើង ជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង។ ចិនតែងតែចាត់ទុកដែនកោះមួយនេះ ជាខេត្តបំបែកមួយ ហើយនឹងត្រូវរឹបអូស ដោយកម្លាំងយោធា ប្រសិនបើចាំបាច់។China launches third aircraft carrier as tensions rise with US

បណ្ដាញទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋចិន CCTV បានផ្សាយថា «Fujian ជានាវាផ្ទុកយន្ដហោះចម្បាំងទី៣របស់កងទ័ពរំដោះប្រជាជនចិន ត្រូវបានរចនា និង ផលិតតាមបច្ចេកវិទ្យាដ៏ទំនើប នៅក្នុងប្រទេសរបស់ខ្លួន»។

រហូតមកដល់ពេលនេះ ក្រុងប៉េកាំង មាននាវាផ្ទុកយន្ដហោះចម្បាំង ចំនួន៣គ្រឿង សម្រាប់បំពាក់ដល់កម្លាំងកងទ័ពរំដោះប្រជាជនចិន រួមមាន ទី១-នាវា Liaoning បានដាក់ឲ្យបំពេញបេសកកម្ម នៅក្នុងអំឡុងឆ្នាំ២០១២, ទី២-នាវា Shandong បានដាក់ឲ្យដំណើរការ កាលពីអំឡុងឆ្នាំ២០១៩ និង ទី៣-នាវា Fujian ទើបនឹងប្រកាស កាលពីពេលថ្មីៗនេះ ហើយគេនៅមិនទាន់ដឹងថា ក្រសួងការពារជាតិចិន នឹងដាក់ឲ្យបំពេញបេសកកម្មការពារជាតិ នៅពេលណានោះឡើយ។

បើតាមទស្សនាវដ្ដីការពារជាតិ Janes បានឲ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិក ជាមហាអំណាចកំពូល ទាំងសេដ្ឋកិច្ច និង យោធា នៅលើពិភពលោក មាននាវាផ្ទុកយន្ដហោះចម្បាំងច្រើនជាងគេ ដោយមាន រហូតដល់ ១១គ្រឿង ខណៈចិនមាន២គ្រឿង និង ចក្រភពអង់គ្លេស មាន២គ្រឿងដែរ។China Launches Third Aircraft Carrier: State Media

នាវាផ្ទុកយន្ដហោះចម្បាំងរបស់ចិន តែងតែធ្វើនាវាចរណ៍ចុះឡើង ចេញពីចិនដីគោក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីរារាំងដល់សេរីភាព នៃការល្បាតនាវាចរណ៍ ពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន។

លោក វេ ហ្វេងហេ (Wei Fenghe) រដ្ឋមន្រ្ដីក្រសួងការពារជាតិចិន កាលពីសប្ដាហ៍មុន បានព្រមានដល់សមភាគីសហរដ្ឋអាមេរិក ថា ក្រុងប៉េកាំង នឹងមិនស្ទាក់ស្ទើរ ធ្វើសង្គ្រាមនោះឡើយ បើទោះជាត្រូវចំណាយប៉ុនណាក៏ដោយ ប្រសិនបើតៃវ៉ាន់ បានប្រកាសពីឯករាជភាពរបស់ខ្លួន ផ្ដាច់ចេញពីចិន។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) តែងតែត្រួតពិនិត្យកងទ័ពរំដោះប្រជាជនចិន ចាប់តាំងពីគាត់បានឡើងកាន់អំណាច នៅក្នុងអំឡុង ឆ្នាំ២០១២។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី បានសន្យាថា នឹងធ្វើយោធូបនីយកម្មឲ្យពេញលេញ ដើម្បីប្រកួតប្រជែងជាមួយនឹងកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៧។

ដោយសារតែមានការគំរាមកំហែងកាន់តែខ្លាំងឡើង ពីចិន នោះ តៃវ៉ាន់ បាន និង កំពុងតែបង្កើននូវថវិកាជាតិ រាប់ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ សម្រាប់ទិញគ្រឿងចម្បាំងទំនើបៗ មកពីសហរដ្ឋអាមេរិក រួមមាន យន្ដហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស និង គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត។ ជាមួយគ្នានេះដែរ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai ing-wen) ធ្លាប់បានលើកឡើងថា បើទោះជាត្រូវចំណាយប៉ុនណាក៏ដោយ ក្រុងតៃប៉ិ ត្រូវការពារដែនកោះមួយនេះឲ្យខាងតែបាន មិនឲ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ចិនប៉េកាំង ជាដាច់ខាត៕