ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹង ការដាក់កញ្ឆាឱ្យក្លាយជារុក្ខជាតិស្របច្បាប់ និងមានការប្រើប្រាស់ ព្រមទាំងចែកចាយដោយសេរី ក្នុងនោះក៏មានការហាមឃាត់មួយចំនួនពីកម្រិតនៃការទទួលទាន និងប្រើប្រាស់ក្នុងមុខម្ហូប ឬភេសជ្ជៈសម្រាប់ហាងនីមួយៗ បើប្រើលើសកម្រិតគឺប្រាកដជាខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ទាក់ទងនឹងបញ្ហាខាងលើនេះផងដែរលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការក្នុងប្រទេសថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងការប្រើប្រាសកញ្ឆាឱ្យមានកម្រិត ដោយលោកបានលើកឡើង អំពីករណីភោជនីយដ្ឋានមួយកន្លែងបានប្រើប្រាស់កញ្ឆាសម្រាប់ធ្វើម្ហូប បន្ទាប់មកអ្នកទទួលទានមានប្រតិកម្មអាលែហ្សី។

ដូច្នេះបញ្ហានេះលោកបាន ណែនាំថាត្រូវប្រើស្លឹកកញ្ឆាតែ ២ ទៅ៣ ស្លឹកប៉ុណ្ណោះសម្រាប់ធ្វើម្ហូប ឬក៏ដាក់នៅក្នុងភេសជ្ជៈ បន្ថែមពីនោះលោក Anutin Charnvirakul ក៏បានបញ្ជាក់ថាប្រសិនបើគេរកឃើញថាកញ្ឆាត្រូវបានប្រើលើសកម្រិតនៅក្នុងអាជីវកម្មរបស់ខ្លួននោះវានឹងក្លាយជាគ្រឿងញៀនដែលខុសច្បាប់។ ជាមួយគ្នានោះផងដែរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ ថាចុងភៅគ្រប់ភោជនីដ្ឋានត្រូវ និយាយប្រាប់អតិថិជន ថាមានសារធាតុផ្សំកញ្ឆាក្នុងម្ហូបអាហាររបស់ពួកគេឬក៏អត់ ដោយត្រូវជូនដំណឹង រាល់អាហារណាដែលមានផ្ទុកសារធាតុកញ្ឆា ដើម្បីឱ្យសាធារណៈជនបានដឹង ព្រោះសព្វថ្ងៃមានហាងជាច្រើនបានយកកញ្ឆាមកធ្វើជាចំណុចពិសេសក្នុងការលក់ដូរ។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Suwanchai Wattana Yingcharoenchai អគ្គនាយកនៃមន្ទីរសុខាភិបាលបានឲ្យដឹងថាឥឡូវនេះមន្ទីរសុខាភិបាល និងការិយាល័យអាហារូបត្ថម្ភ បានចេញអនុសាសន៍សម្រាប់ការប្រើប្រាស់ស្លឹកកញ្ឆាសម្រាប់ចម្អិនអាហារ ទាំងស្រស់ ស្ងោរ ចំហុយ និងចៀន ដែលក្នុង១មុខគួរប្រើតែ១ទៅ២ស្លឹក ហើយអ្នកទទួលទាន មិនគួរទទួលទានអាហារ និងភេសជ្ជៈដែលមានជាតិកញ្ឆាលើសពីពីរដងក្នុងមួយថ្ងៃនោះទេ៕ ប្រភព៖ Khaosod