រដ្ឋធានីគៀវ៖ ប្រធានតំបន់លូហានស្ក៍ បានអះអាងថា ដែនដី នៃទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ឥឡូវនេះ ភាគច្រើន បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ក៏កំពុងតែទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយសារតែសង្គ្រាម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ថា លោក ស៊ើហ៊ីយ ហេដេ (Serhiy Haidai) ប្រធានតំបន់លូហានស្ក៍ (Luhansk) បានបញ្ជាក់ តាមបណ្ដាញសង្គមតេឡេក្រាម ថា កម្លាំងទាហានរុស្ស៊ី កំពុងតែគ្រប់គ្រងដែនដី ភាគច្រើន នៃទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk)។ ដោយឡែក តំបន់ឧស្សាហកម្មរបស់ទីក្រុងនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យើងដដែល ហើយក៏មិនមានកម្លាំងទាហានរុស្ស៊ី នៅទីនោះដែរ។ ចំណែកការវាយប្រយុទ្ធគ្នា នៅតាមដងផ្លូវនានា នៅក្នុងទីក្រុងនេះ ក៏កំពុងតែងបន្ដ។

ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុង Severodonetsk មុនពេលផ្ទុះសង្គ្រាមឡើង មានចំនួន១សែននាក់ ហើយទីក្រុងលីស៊ីចាន់ស្ក៍ បានតភ្ជាប់ រវាងកម្លាំងទាហានរុស្ស៊ី នៅក្នុងខេត្តលូហាន (Luhansk) ៕