ប្រទេសថៃ៖ ពិតជាគួរឱ្យបារម្ភ ប្រទេសថៃកំពុងតែប្រកាសរកឃើញមានអ្នកឆ្លងនូវជំងឺអុតស្វាជាលើកដំបូងមួយករណីដែលទើបតែធ្វើដំណើរមកពីប្រទេសក្រៅ ហើយក៏មានជាប់ពាក់ព័ន្ធរហូតទៅដល់១២ករណីផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មកថា លោកបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងជានាយកដ្ឋានប្រយុទ្ធនឹងជំងឺ បានមាន ប្រសាសន៍អំពីស្ថានភាពជំងឺអុតស្វា ដោយបញ្ជាក់ថា ឥឡូវនេះករណីឆ្លងជំងឺអុតស្វាមានមួយករណី ដែលត្រូវបានគេរកឃើញ ហើយជនបរទេសនោះធ្លាប់មានប្រវត្តិធ្វើដំណើរពីប្រទេសអឺរ៉ុបឆ្លងកាត់មកកាន់អាកាសយានដ្ឋានថៃរយៈពេលពីរម៉ោងដើម្បីធ្វើដំណើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។ ឥឡូវនេះកំពុងមានមនុស្ស ១២ នាក់ដែលជាប់ពាក់ព័ន្ធ និងមានហានិភ័យខ្ពស់ រួមមានអ្នកដំណើរ និងនាវិកនៅក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ បច្ចុប្បន្នក្រុមមនុស្សទាំងអស់នេះកំពុងតាមដានអំពីរោគសញ្ញា។ ក្នុងនោះមានមនុស្សចំនួន ៥នាក់កំពុងតែស្ថិតនៅក្នុងការចេញរោគសញ្ញា និងស្ថិតក្រោមការសង្ស័យ ដោយក្នុងចំណោម៥នាក់នោះ មាន៣នាក់ដែលជាអ្នកទេសចរអ៊ីស្លង់ដែលបានធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីសិក្សាពីកីឡាប្រដាល់(មួយថៃ) នៅខេត្តភូកេត។ ប៉ុន្តែក្រោយពីធ្វើការត្រួតពិនិត្យដោយម៉ាស៊ីន RT-PCR គឺរកឃើញថាពួកគេមានជំងឺរើម។

ទោះជាយ៉ាងណា លោកបណ្ឌិត Chakrarat Pittayawong Anon ក៏បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងប្រមានរាល់រោគសញ្ញាផ្សេងៗដែលមានការសង្ស័យត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់ ហើយអ្នកដែលជាប់ពាក់ព័ន្ធក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យជាដដែល៕ ប្រភព៖ Kapook