ទីក្រុងតៃប៉ិ៖ សភាកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្ទុះឡើងនូវអំពើហិង្សា ខណៈតំណាងរាស្រ្ដ បានប៉ះទង្គិចគ្នា ជុំវិញការអនុម័តច្បាប់មួយ ដោយក្រុមអ្នករិះគន់និយាយថា ច្បាប់នេះអាចនឹងត្រូវបានប្រើប្រាស់ សម្រាប់លុបចោលនូវការផ្តន្ទាទោស ដល់អតីតប្រធានាធិបតី លោក ចេន ស៊ុយ-ប៊ៀន (Chen Shui-bian) ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទពុករលួយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ថា ភាពច្របូកច្របល់នេះ បានកើតឡើង បន្ទាប់ពីសមាជិកសភា រាប់សិបនាក់ មកពីគណបក្សប្រឆាំងគូមីងតាំង ( Kuomintang) ហៅកាត់ KMT កាន់បដា និង ឧបករណ៍បំពងសំឡេង នៅក្នុងរដ្ឋសភា កាលពីព្រឹកព្រលឹម ថ្ងៃចន្ទ ដើម្បីរារាំងដល់ការអនុម័តច្បាប់ទី៣របស់ដែនកោះមួយនេះ។ សមាជិកសភា បានរុញច្រានគ្នាទៅវិញទៅមក ហើយគប់ទឹក និងក្រដាស ខណៈមានភាពភាពតានតឹង លើការអនុម័តច្បាប់ នៅក្នុងរដ្ឋសភា។

នៅក្នុងហេតុការណ៍នេះ ក៏មានតំណាងរាស្រ្ដម្នាក់ មកពីគណបក្សប្រជាជនប្រជាធិបតេយ្យ ហៅកាត់ DPP ដែលជាបក្សគ្រប់គ្រងអំណាច នៅលើដែនកោះតៃវ៉ាន់ បានរងរបួសបន្ដិចបន្ដួច នៅលើដៃរបស់គាត់ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា ខណៈគាត់ត្រូវគេរុញចេញ។

ដោយឡែក តំណាងរាស្រ្ដ មកពីគណបក្ស KMT បានអះអាងថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) បានទាញយកអត្ថប្រយោជន៍ ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ កាលពីពេលថ្មីនេះ ដើម្បីអនុម័តច្បាប់ កំណត់នូវការប្រើប្រាស់ លើ«ការចំណាយសម្ងាត់របស់រដ្ឋ» ដោយនាយកប្រតិបត្តិ។

តំណាងរាស្រ្ដមួយចំនួន បានអះអាងថា ច្បាប់នេះ អាចនឹងត្រូវប្រើប្រាស់ឡើងវិញ សម្រាប់ការលើកលែងទោស ដល់លោក Chen ជាប្រធានាធិបតីទី១របស់តៃវ៉ាន់ មកពីគណបក្ស DPP ដែលពឹងផ្អែកលើឯករាជភាពរបស់លោកស្រី សៃ ជាប់ពាក់ព័ន្ធ នៅក្នុងរឿងអាស្រូវពុករលួយ នៅក្នុងឆ្នាំ២០០៨ ហើយត្រូវបានតុលាការ រកឃើញថា គាត់មានពិរុទ្ធ ពីបទប្រើប្រាស់ថវិការដ្ឋខុស។

លោក ចេន ស៊ុយ-ប៊ៀន (Chen Shui-bian) ធ្លាប់ដឹកនាំដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ចន្លោះពីឆ្នាំ ២០០០-២០០៨ ហើយត្រូវបានតុលាការកាត់ទោសដំបូង ឱ្យជាប់គុក អស់មួយជីវិត តែក្រោយមក គាត់ត្រូវបានបន្ថយទោស មកនៅត្រឹម១៩ឆ្នាំ។ បច្ចុប្បន្ន គាត់កំពុងនៅក្រៅពន្ធនាគារ ដោយសារការលើកលែងទោស តាមហេតុផលផ្នែកវេជ្ជសាស្រ្ដ៕