ទីក្រុងប្រ៊ុសសែលស៍ (Brussels) ៖ ក្រោយពេល មានរឿងចម្រូងចម្រាស ជុំវិញការហ៊ុមព័ទ្ធនូវការនាំចូលប្រេង និង ឧស្ម័ន ជុំទី៦នោះមក ប៉ុន្ដែនៅពេលនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប មានក្ដីសង្ឃឹមថា ប្លុកសេរីមួយនេះ នឹងឈានដល់កិច្ចព្រមព្រៀងនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា លោក ចូសែប ប័ររ៉ែល (Josep Borrel) ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប បានអះអាងថា បណ្ដាប្រទេស ជាសមាជិក នៃប្លុកសេរីមួយនេះ នឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំង ការរឹតបន្ដឹងនូវការនាំចូលប្រេងរបស់រុស្ស៊ី មកក្នុងប្លុកនេះ។

លោកប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយបារាំង Info.ថា «យើងត្រូវតែសម្រេចចិត្ត ជាឯកច្ឆន្ទ ហើយមានការពិភាក្សាយ៉ាងស្វិតស្វាញ កាលពីរសៀលម្សិលមិញ ក៏ដូចជា ព្រឹកនេះ។ ខ្ញុំគិតថា នៅរសៀលនេះ យើងនឹងអាចផ្តល់ជូនដល់ប្រមុខរដ្ឋាភិបាល ជាសមាជិកនូវកិច្ចព្រមព្រៀងមួយនេះ»។

បណ្ដាមេដឹកនាំ សហភាពអឺរ៉ុប នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ដើម្បីប្រកាសបន្តនូវការគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន ទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។ ប៉ុន្តែកិច្ចពិភាក្សា អាចនឹងមិនឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងក្រុងម៉ូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ថា ការសម្រេចចិត្តជាក់ស្តែងបំផុត នឹងក្លាយជាការគាំទ្រផ្នែកនយោបាយរបស់មេដឹកនាំ សម្រាប់កញ្ចប់ប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ចំនួន៩ពាន់លានអឺរ៉ូ ឬស្មើនឹង៩,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងធាតុផ្សំជំនួយតិចតួច ដើម្បីគ្របដណ្តប់លើការប្រាក់។ ដូច្នេះអ៊ុយក្រែន អាចរក្សាលំនឹងរដ្ឋាភិបាលរបស់ខ្លួន និង ការបើកប្រាក់ឈ្នួល ប្រហែលពីរខែ៕