ប្រទេសថៃ៖ មហាជនពិតជាមានការភ្ញាក់ផ្អើល និងឆោឡោក្រោយពីមានហេតុការណ៍ឆាបឆេះនូវរោងចក្រផលិតថង់ប្លាស្ទិកមួយកន្លែងនៅក្នុងប្រទេសថៃដែលគេប៉ានប្រមាណថាអាចខាតបង់អស់រាប់សែនដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។

ទាក់ទងនិងករណីនៃអគ្គីភ័យឆាបឆេះរោងចក្រនេះផងដែរបានកើតឡើងនៅក្នុង ខេត្តបាងខុនធៀង នៃប្រទេសថៃ ហើយហេតុការណ៍នេះផងដែរបានកើតឡើងនៅវេលាម៉ោង ២២ និង ០០ នាទីនៅចំណុចរោងចក្រផលិតថង់ប្លាស្ទិកដ៏ធំមួយ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមិនដឹងពីមូលហេតុ។ ប​ន្ទាប់ពីមានការឆាបឆេះភ្លាមៗមន្ត្រីជំនាញខាងពន្លត់អគ្គីភ័យបានបញ្ចូនក្រុមអ្នកជួយពន្លត់ នាំយករថយន្តរហូតដល់ទៅ២០គ្រឿងក្នុងការមកជួយពន្លត់ភ្លើង ហើយប្រតិបត្តិការត្រូវចំណាយពេលអស់ ១ម៉ោងទើបភ្លើងរលត់ ។ ក្នុងនោះលោកវរសេនីយ៍ទោ Ruengsak Phetkhao សមាជិកព្រឹទ្ធសភារង និងអ្នកស៊ើបអង្កេត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្ត បាងខុនធៀង នេះផ្ទាល់ បានមានប្រសាសន៍ទាក់ទងនឹង ហេតុការណ៍នៃអគ្គីភ័យនេះមិនបានរកឃើញមានអ្នករងរបួស ឬក៏មានអ្នកស្លាប់នោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ប្រមាណ និងវាយតម្លៃបឋមថាមានការខាតបង់រហូតទៅដល់ ២សែន៨ម៉ឺនដុល្លារជាង។

ក្នុងនោះតាមការសាកសួរពីអ្នករស់នៅក្នុងតំបន់នោះបានឱ្យដឹងថា រោងចក្រនេះបានបិទទ្វារសម្រាករយៈពេលយូរមកហើយ ដូច្នេះគ្មានអ្នកនៅធ្វើការក្នុងរោងចក្រនោះទេ ។

ទោះជាយ៉ាងណា ម្ចាស់អាជីវកម្មមិនទាន់រកឃើញនៅឡើយទេ ហើយអាជ្ញាធរនឹងត្រូវតាមដានដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យខាងក្នុងកន្លែងកើតហេតុបន្ត រួមនឹងផ្នែកកោសល្យវិច្ច័យដើម្បីរកមូលហេតុ នៃការឆេះនេះឱ្យពិតប្រាកដ ៕ ប្រភព៖ Thairath