ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។

សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះនាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួងសុខាភិបាលអោយពន្លឿនការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ខណៈដែលភាគីខាងចិនកំពុងរង់ចាំចម្លើយពីកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា បើឯកជនយឺតពេក រឺមានបញ្ហាអ្វី សូមដល់អជ្ញាប័ណ្ណអនុញ្ញាត ហើយទុកអោយរដ្ឋជាអ្នកធ្វើវិញ ដោយសម្តេចនឹងបញ្ចេញថវិកាពីក្រសួងសេដ្ឋកិច្ច។ សម្ដេចតេជោ សូមអោយក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីស-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង ៕