រដ្ឋធានីវ៉ាស៊ីនតោន៖ មន្រ្ដីការទូតសហរដ្ឋអាមេរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន មានហេតុផលដ៏គួរឲ្យជឿទុកចិត្តខ្ពស់បំផុតថា ក្រុងមូស្គូ កំពុងតែសម្លឹងមើល លើការដាក់បញ្ចូលទីក្រុងឃើរសុន (Kherson) ដូណែតស្ក៍ និង លូហាន់ស្ក៍របស់អ៊ុយក្រែន ក្លាយជាទឹកដីរបស់ខ្លួន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ថា មន្រ្ដីការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា រុស្ស៊ី មានផែនការដាក់បញ្ចូលតំបន់ចំនួន២របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន។ ក្រៅពីនេះ ក្រុងមូស្គូ អាចនឹងបើកប្រតិបត្តិការ វាយប្រហារផ្សេងទៀត នៅភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន ផងដែរ។

លោក មីឃែល ខាផែនធើរ (Michael Carpenter) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសន្ដិសុខ និង សហប្រតិបត្ដិការ នៅអឺរ៉ុប ហៅកាត់ OSCE បានបញ្ជាក់ថា «បើតាមសេចក្ដីរាយការណ៍ថ្មីបំផុត យើងជឿថា ក្រុងមូស្គូ នឹងព្យាយាមដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិតដូណែតស្ក៍ (Donetsk) និង សាធារណរដ្ឋប្រជាមានិតលូហាន់ស្ក៍ (Luhansk) ដែលប្រកាសផ្ដាច់ខ្លួន ពីអ៊ុយក្រែន ចូលទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នោះ លោក Carpenter ក៏បានបង្ហាញ អំពីជំនឿរបស់ទីក្រុងវ៉ាស៊ីនតោន ថា ក្រុងមូស្គូ កំពុងតែរៀបចំផែនការចាប់ពង្រត់មន្ត្រី នៅក្នុងតំបន់ភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន ហើយបង្ខំអ្នកស្រុកឱ្យប្រើប្រាស់ក្រដាសប្រាក់រូប្ល៍ (Ruble) របស់រុស្ស៊ី។

លោក Carpenter បានអះអាងទៀតថា ក្រុងមូស្គូ គ្រោងនឹងរៀបចំ «ការធ្វើប្រជាមតិក្លែងក្លាយ» នៅពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២។ ដោយឡែក សហគមន៍អន្តរជាតិ រួមទាំង OSCE ដែលមានរូបខ្ញុំ ធ្វើការជាឯកអគ្គរដ្ឋទូត បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើប្រជាមតិក្លែងក្លាយ… នឹងមិនត្រូវបានគេចាត់ទុកថា ស្របច្បាប់ ហើយក៏នឹងមិនមានការប៉ុនប៉ងណាមួយដើម្បីបញ្ចូលទឹកដីអ៊ុយក្រែន បន្ថែមទៀតនោះឡើយ។ ក្រៅពីនេះ ក្រុងមូស្គូ កំពុងតែសម្លឹងមើល លើការដាក់បញ្ចូលទីក្រុងឃើរសុន (Kherson) របស់អ៊ុយក្រែន ក្លាយជាទឹកដីរបស់រុស្ស៊ី បន្ថែមទៀត»៕