អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​និយាយ​ថា លោក​ចាប់ផ្ដើម​ជឿ​ថា​ ការ​និយាយ​ទៅកាន់​លោក Putin គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​។ លោក​ចាប់ផ្ដើម​បាត់បង់​ភាព​ស្មោះត្រង់​ក្នុង​ការ​និយាយ​ជាមួយ​ទីក្រុង Moscow បន្ទាប់ពី​ការ​សម្លាប់​រង្គាល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Bucha​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo

លោក​ក៏បាន​ព្រមាន​ផង​ដែរ​ថា គោលដៅ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​លោក​ប្រធានាធិបតី Vladimir Putin ដោយ​និយាយ​ថា លោក​ចាប់ផ្ដើម​ជឿ​ថា វា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការចរចា​ជាមួយ​លោក Putin ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជម្លោះ ​ផ្ដើម​ចេញ​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ថ្លែងប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ Il Corriere della Sera របស់​អ៊ីតាលី លោក​ Draghi បាន​និយាយ​ថា លោក​ចាប់ផ្ដើម​គិត​ថា ​អ្នក​ទាំងនោះ​និយាយ​ត្រូវ នៅ​ពេល​ពួកគេ​និយាយ​ថា វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​ចំណាយ​ពេល​វេលា​និយាយ​ជាមួយ​លោក Vladimir Putin​។ វា​បាន​ត្រឹម​តែ​ការ​ខ្ជះខ្ជាយ​ពេលវេលា​ប៉ុណ្ណោះ​។

​គួរ​រម្លឹក​ថា លោក Draghi និង​លោក Putin បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មីនា ហើយ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​លទ្ធភាព​របស់​ប្រទេស​អ៊ីតាលី​ ក្នុង​ការទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ដោយ​ទូទាត់​ជា​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​។ ​ប្រទេស​នេះ​ត្រូវ​បាន​និយាយ​ថា នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​ចំនួន ​៤០% ៕