ប្រទេសជប៉ុន៖ ទីភ្នាក់ងារឧតុនិយម ជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រនៃខេត្ត Fukushima ភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២២ នៅម៉ោង ១១:៣៦ នាទីយប់ ម៉ោងក្នុងស្រុក។

កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ដោយដកស្រង់សេវាកម្មពន្លត់អគ្គីភ័យនៅក្នុងខេត្ត Fukushima ថាការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសនៅក្នុងតំបន់នេះជាខ្លាំង ដោយតំបន់ដែលរង្គោះរង្គើដោយការរញ្ជួយដីនេះ មានដូចជាខេត្ត Fukushima និង Miyagi គឺជាតំបន់តែមួយដែលធ្លាប់បានវាយប្រហារដោយរលកយក្សស៊ូណាមិ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១កន្លងទៅ រហូតដល់មនុស្សជិត ២០,០០០ នាក់បានស្លាប់ ហើយនៅពេលនោះ វាក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ កាលពីពេលនោះផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនអគ្គិសនីដ៏ល្បីរបស់ជប៉ុនឈ្មោះថា Tokyo Electric Power បាននិយាយថា គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៃអគារចំនួន ២ លាន ដែលក្នុងនោះមានអគារចំនួន ៧០០,០០០ ស្ថិតនៅក្នុងទីក្រុងតូក្យូដែលកំពុងដាច់ភ្លើងអគ្គីសនី ហើយក្រុមហ៊ុនកំពុងស៊ើបអង្កេតថាតើមានបញ្ហាអ្វីខ្លះនៅរោងចក្រផ្ដល់ថាមពលទាំងពីរកន្លែងរបស់ខ្លួននេះ។

ដោយឡែកទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន East Japan Railway Company នៃផ្លូវដែកបានបង្ហាញថាផ្លូវរថភ្លើងមួយចំនួនត្រូវបានរំខានដោយការរញ្ជួយដីនេះយ៉ាងធ្ងន់ធ្ងរដូចគ្នា៕ ប្រភព៖ Sanook