ប្រទេសថៃ៖ កោះ Sumba ដែលជាផ្នែកមួយនៃខេត្ត East Nusa Tenggara  ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី វាជាកន្លែងមួយដែលសំបូរទៅដោយធម្មជាតិចម្រុះ និងទេសភាពដ៏ស្រស់ស្អាត ប៉ុន្តែមានកន្លែងមួយ ដែលបានធ្វើឱ្យកោះនេះល្បីឈ្មោះនោះគឺព្រៃកោងកាង។

នៅលើកោះ Sumba នេះមានដើមឈើដែលដុះនៅក្នុងទឹកលើឆ្នេរ Valagiri គឺប្លែកខ្លាំងណាស់វាហាក់ដូចជាស្ថិតនៅក្នុងរូបគំនូរពិតៗ ព្រោះទេសភាពនៅទីនោះបានបង្ហាញនូវភាពស្រស់ស្អាត មិននឹកស្មានដល់ ដោយមានដើមឈើដុះជាច្រើន និងមានលក្ខណៈចម្លែក ប្លែកភ្នែក មែកឈើនីមួយៗមានរូបរាងពត់បត់បែនចុះឡើង ដូចជាមនុស្សកំពុងរាំចាក់ក្បាច់តាមរបៀបដ៏ស្រស់ស្អាតយ៉ាងអស្ចារ្យ និងចម្លែក វាហាក់ដូចជាដើមឈើទាំងនេះអាចធ្វើសកម្មភាព និងកំពុងតែផ្លាស់ទីបាន។ ស្លឹកឈើជាច្រើន បានរុសរួយជ្រុះរាយប៉ាយពាសពេញឆ្នេរហាក់ដូចជាប្រាប់ពីរឿងអាថ៌កំបាំងនៃសម្រស់នៅមាត់ឆ្នេរមួយនេះ ទៅដល់ពិភពលោក និងភ្ញៀវទេសចរ ឱ្យមកទស្សនានូវសម្រស់អម្មជាតិ មកមើលផ្ទៃទឹក ក្រោមខ្យល់ត្រជាក់ នៅពេលព្រះអាទិត្យរះឡើង ហើយបានបញ្ចេញនូវកាំរស្មីនៃពន្លឺព្រះអាទិត្យ ដើម្បីមកចិញ្ចឹមដើមឈើទាំងនេះឱ្យមានជីវិតស្រស់បំព្រង។

ក្នុងនោះគ្មាននរណាម្នាក់ដឹងច្បាស់ថាហេតុអ្វីបានជាដើមឈើទាំងនេះមានមែកចម្លែកបែបនេះនោះទេ ប៉ុន្តែវាត្រូវបានទាក់ទាញដោយភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនាជាច្រើនកុះករ លើសពីនេះទៅទៀតដើមឈើទាំងនេះក៏តំណាងឱ្យបូរណភាពធម្មជាតិ និងតុល្យភាពនៃព្រៃកោងកាងក្នុងតំបន់នៃកោះ Sumba នេះផងដែរ៕ប្រភព៖Kapook