ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាយូរនៅពេលនេះទីតាំងសម្រាប់សាងសង់ស្ពានដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសរើសជាផ្លូវការ។ ស្ពានមួយខ្សែនេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នេះថា «សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង»។

ដំបូងគម្រោងសាងសង់ស្ពានមួយខ្សែនេះ មានជម្រើសទីតាំងចំនួនពីរ ទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សាររាត្រី ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ។

បន្ទាប់ពីបានសិក្សាលំអិត សម្តេចតេជោ ហ៊ុន សែន ក៏បានបានសម្រេចជ្រើសយកជម្រើសទី២ ដោយសង់ចេញពីផ្សាររាត្រី ទៅកាន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ។

តាមការវិភាគលំអិត និងសិក្សាលើកត្តាចម្បងសំខាន់ៗលើការសាងសង់ស្ពាននៅទីតាំងនេះ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព (Landmark) និងការលើកនូវសម្រស់រាជធានីភ្នំពេញ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ការសាងសង់មិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕