រដ្ឋធានីគៀវ៖ កញ្ចប់ទណ្ឌកម្មរបស់បច្ចិមលោក លើក្រុងមូស្គូ ជុំវិញវិមានក្រឹមឡាំង បានលើកកងទ័ព វាយសង្គ្រប់ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ប៉ុន្ដែចិននៅតែអះអាងថា ក្រុងប៉េកាំង នឹងនៅតែបន្ដ ធ្វើកិច្ចសហប្រតិបត្ដិការ លើវិស័យពាណិជ្ជកម្មជាធម្មតា ជាមួយនឹងក្រុងមូស្គូ។

សារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា កញ្ចប់ទណ្ឌកម្មរបស់បច្ចិមលោក បានធ្វើឲ្យធនាគារមួយចំនួនរបស់រុស្ស៊ី ត្រូវបានហាមឃាត់ និង កាត់ផ្ដាច់ ចេញពីប្រព័ន្ធទូទាត់អន្ដរជាតិ Swift ។ ប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់ នៅជុំវិញពិភពលោក សម្រាប់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ ហើយទំនងជាធ្វើឱ្យការទូទាត់ សម្រាប់ការនាំចេញរបស់រុស្ស៊ី កាន់តែមានការពិបាកយ៉ាងខ្លាំង។

ស្របគ្នានោះដែរ ចិនបានកាត់បន្ថយការទិញទំនិញមួយចំនួនរបស់ខ្លួន ពីប្រទេសរុស្ស៊ី ដោយសារពាណិជ្ជកររបស់ចិន បានជួបប្រទះនឹងការលំបាក នៅក្នុងការរៀបចំហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ប្រទេសចិន និង រុស្ស៊ី បាន និង កំពុងតែខិតខំប្រឹងប្រែង នៅក្នុងការបង្កើតប្រព័ន្ធទូទាត់របស់ពួកគេ ដើម្បីកាត់បន្ថយនូវការពឹងផ្អែក លើប្រព័ន្ធគោលជាប្រាក់ដុល្លារ ដូចជា Swift ជាដើម។

ប្រទេសរុស្ស៊ី មានប្រព័ន្ធផ្ទេរសារហិរញ្ញវត្ថុ (STFM) របស់ខ្លួន ខណៈប្រទេសចិន មានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន (CIPS) ហើយប្រព័ន្ធទាំងនេះ នឹងដំណើរការ ជារូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ។

បើតាមការសិក្សាមួយ ត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌល Carnegie Moscow បានអះអះអាងថា ប្រព័ន្ធទូទាត់ក្នុងស្រុកទាំងនេះ «មិនមែនជាជម្រើសជំនួស Swift» នោះទេ។

បើគិតត្រឹម ពីឆ្នាំ២០២១មក មានធនាគាររបស់ចិនតែមួយប៉ុណ្ណោះ បានចូលរួមជាមួយប្រព័ន្ធទូទាត់ STFM របស់រុស្ស៊ី បើទោះជាធនាគាររបស់រុស្ស៊ី និង ស្ថាប័នហិរញ្ញវត្ថុសកលជាច្រើនទៀត បានភ្ជាប់ជាមួយនឹងប្រព័ន្ធទូទាត់របស់ចិន ក៏ដោយ។

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយដកស្រង់ស្ថិតិផ្លូវការរបស់រុស្ស៊ី បានឲ្យដឹងថា បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម រវាងរុស្ស៊ី និងចិន មានប្រហែលតែ១៧ភាគប៉ុណ្ណោះ ប្រើប្រាស់ប្រាក់យន់ (Yuan) របស់ចិន (ដោយកើនឡើង ពី ៣,១ភាគរយ នៅក្នុងឆ្នាំ២០១៤) ។ ចំណែកពាណិជ្ជកម្មរបស់រុស្ស៊ី និង ចិន ភាគច្រើន នៅតែទូទាត់ជាប្រាក់ដុល្លារសហរដ្ឋអាមេរិក ថ្វីបើក្រុងមូស្គូ និង ប៉េកាំង បង្កើនការប្រើប្រាស់ប្រាក់យន់របស់ខ្លួនក្ដី៕