រាជធានីភ្នំពេញ ៖ បទល្មើសល្បែងស៊ីសង ឆ្នោតវៀតណាមខុសច្បាប់ (កន្ទុយលេខ) កំពុងតែរីកដុះដាលដូចផ្សិត បង្អួតសម្រស់ព្រោងព្រាតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះមានឆ្នោតវៀតណាម LH៣៤ ក៏មានច្រើនទីតាំងរាប់សឹងមិនអស់ តើឯណាទៅនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល មន្ត្រីមូលដ្ឋាន បានអនុវត្តន៍ទេ។

ជាក់ស្តែង គ្រាន់តែនៅក្នុងខណ្ឌ៧មករា មាន៣កន្លែង និងនៅខណ្ឌទួលគោក មាន៣កន្លែងដែរ កំពុងតែអូញទាញពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងអំពើអបាយមុខ តែឆ្ងល់ ហេតុអីអាជ្ញាធរខណ្ឌ៧មករា និងខណ្ឌទួលគោក មិនព្រមទៅបង្រ្កាប សង្ស័យតែចាញ់បារមីម្ចាស់ល្បែងសុខច្បាប់ទាំងនោះហើយ។https://blogger.googleusercontent.com/img/a/AVvXsEgVr0EnLTUgM1_juVz6uI-q02xUMilLfLsW4kzuuHXlBknsMlg-UEkGGmGEKqcsRi_Xh-mRb5UFG02aQAcMWe0dDXZn42IUWfXacB5OoZJNQHHmOJGwvlGs3tF5BBgZP9axFzu4kQlnPURvrPFj0dzTF6tMJKanvBGcXI_GQ-B80K0M0Ld4PNIk5-7c=s1280

ភ្នាក់ងារ «KBN» នៅតាមមូលដ្ឋាន បានរាយការណ៍មកថា នៅក្នុងទឹកដីខណ្ឌ៧មករា ឆ្នោតវៀតណាមខុសច្បាប់ មានស្លាកសម្គាល់ LH៣៤ មានចំនួន៣ទីតាំង ដោយទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។ ទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែម ហៅផ្លូវលេខ១២៨ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។ ចំណែក នៅខណ្ឌទួលគោក ឆ្នោតវៀតណាម យីហោ LH ៣៤ ក៏មាន៣ទីតាងដែរ ដោយទី១-ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ទីតាំងទី២- នៅតាមបណ្ដោយផ្លូវ 223 ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងទីតាំងទី៣- នៅតាមបណ្ដោយផ្លូវ២៣៤ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកជាប់នឹងផ្សារនាគមាស ម្ដុំកន្លែងលក់បន្លែផ្លែឈើ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាមLH៣៤ កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរសម្បើមដៃណាស់ ដោយមួយថ្ងៃៗឃើញអ្នកញៀនល្បែងស៊ីសង ដើរទៅចាក់កន្ទុយលេខវៀតណាមនេះ ឲ្យតត្រុកមិនសូវជាគិតខំប្រឹងធ្វើការរកស៊ីប៉ុន្មានទេ ។ ពេលចាក់ត្រូវ (ឈ្នះ) ឃើញញញើមញញែមបិទមាត់មិនជិត តែពេញចាក់ចាញ់ (មេស៊ីអស់ ) ទឹកមុខឲ្យក្រញូវៗ ទៅដល់ផ្ទះដេកកើតទុក្ខ មិនដាំបាយធ្វើម្ហូបឲ្យកូននិងប្តីហូប (សម្រាប់ស្រ្តី) តែបើបុរសវិញ ទៅដល់ផ្ទះរករឿងប្រពន្ធកូន ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង រស់នៅគ្មានក្តីសុខទេ។ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះ ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង បទល្មើសល្បែងស៊ីសងកើតមានឡើងច្រើនណាស់ក្នុងខណ្ឌ៧មករា និងទួលគោក តែសមត្ថកិច្ចទាំង២ខណ្ឌនេះ មិនព្រមចុះទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់ឆ្នោតវៀតណាមLH៣៤ ហើយ ព្រោះតាមព័ត៌មានដែលទទួលបានតៗគ្នា ម្ចាស់ឆ្នោតវៀតណាមLH៣៤ ខុសច្បាប់នេះ មានមនុស្សមានឥទ្ធិពល និងមានខ្នងក្រាស់ណាស់ ។https://blogger.googleusercontent.com/img/a/AVvXsEgjX3h-IV_Tbgs39jaT9rbIP9A6mQE5maQYd4LyJMsXx9qFuVxrZBu6oUx6co7VwwLcVhmqApJPZRq86f5HofB3rWqqSXKTX2tLbhNJr3a-h0hTzcwk0RkIfRCfzpGz5BqgIFoyErNbTNu5ZpZsNGSwQucWYTJhJVg_3qUNJl86QMzx66PzOXoVy2Jj=s1280

ប្រជាពលរដ្ឋ បានសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមបង្រ្កាបឆ្នោតវៀតណាមLH៣៤ នេះផង កុំទុកឲ្យពង្វក់ពលរដ្ឋខ្មែរខ្លាំងពេក ពុំនោះទេ បទល្មើសចោរកម្ម និងបទល្មើសផ្សេងៗទៀត នៅក្នុងភូមិរាជធានីភ្នំពេញ មិនថមថយឡើយ។

សូមបញ្ជាក់ថា លោក ឃួង ស្រេង បានបញ្ជាក់ជាថ្មីទៀតថា រាល់ការងារអសកម្ម ត្រូវតែកាត់បន្ថយឲ្យអស់ ហើយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនឲ្យអស់ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ តែយ៉ាងណា អាជ្ញាធរនៅខណ្ឌ៧មករា និងខណ្ឌទួលគោក ហាក់បីដូចជាមិនស្តាប់សម្តីរបស់ឯកឧត្តម ឃួង ស្រេង សោះ ដោយបណ្តែតបណ្តោយឲ្យបទល្មើសល្បែងស៊ីសង កើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងរលូន៕ ដោយ កែន សុខគីមhttps://blogger.googleusercontent.com/img/a/AVvXsEjBfvsskk41ppZZQNORjqytY4qsBuFSi-j8oDQNPoFOo8KUAomepZX5kb7L7DgbJsP979w4sE02h5BWhFUktRXFb65MTcuwXwiEpP9iQoC7Xj53uhCCdbsqXXEmRunDa1MD9VUFgebbLN3RXED7L0GGC9KKsOsZDFDAVC_znMuH5YsRIzR5uIO0ul4l=s1280