រាជធានីភ្នំពេញ ៖ ប្រជាពរដ្ឋល្អបានរាយការណ៍ថា ល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ ដែលគេស្គាល់ថា គឺ ឈ្មោះ ចែ លី កំពុងបើកដំណើរការយ៉ាងរលូន ពង្វក់ពលរដ្ឋដែលញៀនល្បែងស៊ីសងយ៉ាងពេញបន្ទុក មិនឃើញអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា ទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមី ចែ លី ហើយ។
ប្រជាពរដ្ឋប្រាប់ថា ឆ្នោតវៀតណាម ឈ្មោះចែ លី មានទីតាំងទី១ ស្ថិតនៅផ្លូវលេខ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ។ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែម ក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ។ ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ។ ទីតាំងទី៤ ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឫស្សី ស្ថិតនៅក្នុងសង្កាត់អូរឫស្សី និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា តែមិនឃើញសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ៧មករា បង្រ្កាបសោះ ដោយបណ្តែតបណ្តោយឲ្យបទល្មើសល្បែងស៊ីសងកើតមានព្រោងព្រាត ដែលជាប្រភពនៃអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតអោយបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ព្រោះល្បែងស៊ីសង គឺ ជាប្រភពនៃបទល្មើស ផ្សេងៗ បើខណ្ឌណា មានបទល្មើសល្បែងស៊ីសង អភិបាលខណ្ឌនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ យ៉ាងនេះក្តី ក៏អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មិនព្រមទៅបង្រ្កាបឆ្នោតវៀតណាមខុសច្បាប់ទាំងនេះដែរ តើឯណាទៅ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕