រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះពលរដ្ឋភូមា បាន ផ្ទុះ កំហឹង ជាន់ ឈ្លី និង ដុត រូបថត សម្ដេច ហ៊ុន សែន ទាំងកំរោល ក្រោយពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានប្រកាសថា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅ ថ្ងៃ ទី ៧ និង ទី ៨ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីជាការឆ្លើយតបតាមការអញ្ជើញរបស់លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេស កជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃប្រទេសភូមា។

ជាមួយគ្នានេះដែរ សម្រាប់ពលរដ្ឋភូមាមួយចំនួនធំក៏ឃើញមានករណីបំផ្ទុះគ្រាប់បែកដល់ទៅ២លើក នៅក្បែរស្ថានទូតខ្មែរប្រចាំប្រទេសភូមា ។ សកម្មភាពរបស់ពលរដ្ឋភូមា ទាំងនោះបានបង្ហាញពីការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចូលមកប្រទេសខ្លួន ដែលប្រៀបដូចជាមកគាំទ្រមេដឹកនាំរដ្ឋប្រហារយោធាលោក មីន អ៊ុងឡាំង។

យ៉ាងណាមិញសម្រាប់ទង្វើរបស់ពលរដ្ឋភូមា ទាំងអស់នេះហើយបានធ្វើឲ្យអ្នកវិភាគក្នុងស្រុកម្នាក់ កឺលោក រ៉ូ វណ្ណៈ ដែលជាសាស្រ្ដចារ្យផ្នែកវិទ្យាសាស្រ្ដនយោបាយ នៅសកលវិទ្យាល័យកម្ពុជា បានស្វែងយល់ថា៖ «ប្រហែលពលរដ្ឋមីយ៉ាន់ម៉ាក្តោបព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ទើបកើតចិត្តខឹងចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេសខ្លួន»។

ខណៈសម្ដេច ហ៊ុន សែន កាលពីពេលកន្លងទៅថ្មីៗនេះបានអះអាង៖ «លទ្ធភាពជាច្រើនខ្ញុំនឹងទៅទស្សនកិច្ចនៅណៃពិដោ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគាត់ បើមិនឱ្យ ធ្វើការជាមួយនឹងអ្នកកាន់អំណាច តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ ចង់ផ្តល់ជំនួយឫចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់គ្រងប្រទេស […] យើងមិនប្រៀប ធៀបអ្នកកាន់អំណាចនៅណៃពិដោ ប្រធានរដ្ឋបាលនៅណៃពិដោ គឺឯកឧត្តម មីង អោងឡាំង ដូចទៅនឹងអាហ្គានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធក្នុងការចូលរួមប្រជុំ ប្រជុំរដ្ឋមន្ត្រីការពារជាតិក៏ប្រជុំ រដ្ឋមន្ត្រីទាំងអស់ តែចំឡែកត្រង់ថារដ្ឋមន្ត្រីការបរទេសគេមិនឱ្យចូល វាពិបាកអាកន្លែងនឹង ចឹងមើលទុកឱ្យ ហ៊ុន សែន ធ្វើម្តង»។

សម្ដេច ក៏ធ្លាប់លើកឡើងផងដែរថា អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងការ សម្រេចក្នុងកិច្ចប្រជុំកន្លងមក ដូច្នេះហើយសម្ដេចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ គឺមិននិយាយអ្វីក្រៅឆ្ងាយពីអ្វីដែលជាគោលការណ៍ រួមរបស់អាស៊ាននោះទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ គឺមិនអាចទៅហួសពីនេះបានទេ ហើយក៏មិនត្រូវយករូបមន្ត អង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អាស៊ានគឺមិនត្រឹមត្រូវទេ។

ក្នុងន័យនេះដែរ សម្ដេច ហ៊ុន សែន បានបង្ហាញពីចក្ខុវិស័យយ៉ាងច្បាស់ក្នុងការធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា ដោយគោលបំណងរបស់ សម្ដេច ហ៊ុន សែន គឺដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងមានសាមគ្គីភាពល្អឡើងវិញ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានមួយរូប។

ដូច្នេះហើយសរុបមកជាន័យរួមដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា របស់សម្ដេច ហ៊ុន សែន គឺគ្មានគោលបំណងអ្វីផ្សេងក្រៅពីផ្សះផ្សារឲ្យអាស៊ានមានសមាជិក១០ប្រទេស ដូចមុនឡើយ ប៉ុន្តែពលរដ្ឋមីយ៉ាន់ម៉ា បែរជាយល់ខុសថា ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នេះគឺមានចេតនាបង្ហាញការគាំទ្រចំពោះលោក មីង អោងឡាំង មេដឹកនាំរដ្ឋប្រហារយោធា ដូចនេះដើម្បីបញ្ឈប់ការគិតបែបនេះរបស់ពួកគេមកលើកម្ពុជា មានតែរង់ចាំដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ទេលទ្ធផលយ៉ាងម៉េចៗពលរដ្ឋគ្រប់គ្នានឹងបានដឹងជាក់ជាមិនខាន ៕