ប្រទេសចិន៖ ប្រទេសចិនបង្ហាញពីកម្មវិធីស្រាវជ្រាវនៃអវកាស ដើម្បីស្រាវជ្រាវភពព្រះអង្គារ ព្រមទាំងបានបង្ហាញនូវរូបភាពភពព្រះអង្គារពីយានអវកាស Tianwen-១ របស់ខ្លួននៅក្នុងឆ្នាំថ្មី២០២២នេះ។

កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិចិន (CNSA) បានបញ្ចេញរូបថតភពអង្គារថ្មីមួយ ដែលបានថតដោយយានអវកាស Tianwen-១ របស់ប្រទេសចិន ដើម្បីស្វាគមន៍ថ្ងៃដំបូងនៃឆ្នាំថ្មី ២០២២ នេះ។ រូបថតថ្មីនេះបង្ហាញពីលក្ខខណ្ឌប្រតិបត្តិការផ្សេងៗ នៃយានអវកាស Tianwen-១ ក៏ដូចជាបង្ហាញពីសណ្ឋានដីនៃផ្ទៃភពអង្គារ ជាមួយនឹងរូបថតនៃគន្លងតារាវិថី នៃភពអង្គារផ្ទាល់  រូបថតដែលបានថតយ៉ាងជិតពីយានអវកាស និងបានធ្វើដំណើរជុំវិញផ្ទាំងទឹកកកអាក់ទិកនៃ ផ្ទៃភពអង្គារទាំងមូល។

គួរបញ្ជាក់ផងដែរថាយានអវកាស Tianwen-១ របស់ចិនដែលរួមមានយានអវកាសរុករកតាមគន្លង និងផ្ទៃភព វាត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ ដែលជាបេសកកម្មដំបូងគេក្នុងកម្មវិធីស្រាវជ្រាវភពព្រះអង្គាររបស់ប្រទេសចិន ហើយក៏បានបង្កើតជាប្រវត្តិសាស្ត្រជាប្រទេសទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ ដោយយានស្រាវជ្រាវ និង រុករកនេះត្រូវបានបញ្ជូនទៅកាន់ភពព្រះអង្គារដោយជោគជ័យក្នុងខែឧសភា ឆ្នាំ ២០២១កន្លងទៅ៕ ប្រភព៖ Thairath