ថៃ៖ អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ថា ប្រទេសចិន នឹងអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែឈើថៃតាមរថភ្លើងតាមរយៈច្រកព្រំដែន Ping Xiang ក្នុងតំបន់ស្វយ័ត Guangxi Zhuang ដោយការដឹកជញ្ជូននេះនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃអង្គារ ទី០៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost

បន្ទាប់ពីប្រទេសចិន​ បានសម្រេចបិទច្រកត្រួតពិនិត្យ Donxing ដែលស្ថិតនៅជាប់ព្រំដែនវៀតណាម ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩ ពីផលិតផលកសិកម្មនាំចូលមក រដ្ឋមន្ត្រីកសិកម្ម និងសហករណ៍លោក Chalermchai Sri-on បានស្វែងរកការណែនាំពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang ដើម្បី​ដោះស្រាយ​បញ្ហា​​ដំណើរការ​នាំចេញនេះ។

ទីបំផុតកិច្ចខិតខំប្រឹងប្រែងបានសម្រេចជាមួយអាជ្ញាធរចិនដែលបញ្ជាក់ថា ច្រកព្រំដែន Ping Xiang នឹងបើកម្តងទៀតសម្រាប់ផ្លែឈើថៃដែលមកដល់តាមរថភ្លើងចាប់ពីថ្ងៃស្អែក។

អ្នកនាំពាក្យរូបនេះបានស្នើសុំឱ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបើកបរផងដែរ ដើម្បីធានាថាផលិតផលរបស់ពួកគេមិនមានការចម្លងរោគកូវីដ-១៩ ។

អ្នកស្រីបាននិយាយថា ប្រទេសចិននឹងមិនស្ទាក់ស្ទើរក្នុងការបិទប៉ុស្តិ៍ត្រួតពិនិត្យផ្លែឈើថៃឡើយ ប្រសិនបើការដឹកជញ្ជូនត្រូវបានរកឃើញថាមានផ្ទុកមេរោគថ្មីនេះ ៕