រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ជាហេតុធ្វើឲ្យពួកគេព្យាយាមស្វះស្វែងរកវិធីធ្វើឲ្យខ្លួនមានក្ដីសុខ ខណៈពួកគេមិនដឹងទេថាវិធីខ្លះអាចធ្វើឲ្យខ្លួនគេធ្លាក់ទៅក្នុងភាពសោកសៅ ឬដើរចូលទៅក្នុងវិថីទុក្ខដោយឥតដឹងខ្លួន។ រឿងអវិជ្ជមានមួយចំនួន មនុស្សគួរកុំព្យាយាមបន្តអនុវត្តតទៅទៀតប្រសិនបើមិនចង់ឲ្យខ្លួនធ្លាក់ទៅក្នុងភាពរុាំរ៉ៃនៃសេចក្ដីទុក្ខ ឬភាពមិនរីករាយជាដើម។

រឿងដំបូងដែលធ្វើឲ្យអ្នកមិនអាចស្គាល់ភាពរីករាយទៅបាននោះគឺ ការរំពឹងទុកទៅអ្វីមួយដែលគ្មានភាពច្បាស់លាស់ ឬមានភាពស្រពិចស្រពិល មិនប្រាកដប្រជា ដែលជាហេតុនាំឲ្យលទ្ធផលដែលទទួលបានពីការរំពឹងទុកនោះអាចនឹងមិនដូចការប៉ងទុករបស់ខ្លួន។ រឿងមួយទៀតនោះគឺ ការស្ដាប់តាមពាក្យ ឬធ្វើតាមតែអ្នកដទៃរហូត ជាហេតុធ្វើឲ្យខ្លួនគេមិនមានភាពជាម្ចាស់ការចំពោះខ្លួនឯង ម្យ៉ាងវិញទៀតការដែលរស់នៅជាមួយនឹងរឿងអតីតកាលដែលកន្លងហួសទៅក៏នាំឲ្យមនុស្សធ្លាក់ទៅក្នុងសេចក្ដីទុក្ខសោកផងដែរ។

បន្ថែមពីលើនេះការចង់បានច្រើនហួសពីសមត្ថភាពរបស់ខ្លួន ក៏ជាការបង្វែងដានមិនឲ្យជីវិតជួបសេចក្ដីសុខបាននោះដែរ ខណៈការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃក៏កាន់តែជាការបន្ទាបបន្ថោកតម្លៃជីវិតរបស់ខ្លួនថែមទៀតផង។ ជាមួយគ្នានេះ ការចាំតែអង្គុយចាប់កំហុសរបស់អ្នកដទៃ ក៏មិនអាចធ្វើឲ្យជីវិតជួបសេចក្តីសុខនោះឡើយ វាកាន់តែធ្វើឲ្យខ្លួនឯងធ្លាក់ទៅក្នុងសេចក្ដីសោកសៅ ឬអាចធ្វើឲ្យភាពរីករាយរបស់ខ្លួនដែលធ្លាប់មានក្នុងពេលកន្លងមកត្រូវបាត់បង់ជាបណ្តើរទៅវិញទេ។

មនុស្សគួរគប្បីគេចចេញពីរឿងរ៉ាងដែលមានរៀបរាប់នៅខាងលើប្រសិនបើខ្លួនចង់មានសេចក្ដីសុខ ឬភាពរីករាយពិតប្រាកដមួយ៕
អត្ថបទដោយ ៖ ប៊ុត បឋវី