រាជធានីភ្នំពេញ ៖ អ្នកដឹងទេថា ស្នាមញញឹមគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ប៉ុន្តែអ្នកអាចបង្កើតស្នាមញញឹមឡើងដោយងាយស្រួល ដោយអ្នកមិនត្រូវការចំណាយប្រាក់កាសនោះទេ ប៉ុន្តែអ្នកបែរជាអាចទទួលបានមកវិញនូវរង្វាន់ និងការគោរពតបមកវិញថែមទៀតផង នៅពេលដែលអ្នកគ្រាន់ផ្តល់ស្នាមញញឹមដ៏បរិសុទ្ធរបស់អ្នកទៅកាន់នរណាម្នាក់។

អ្នកជឿទេថា គ្រាន់តែស្នាមញញឹមរបស់អ្នកទៅកាន់អ្នកដទៃក៏អាចធ្វើឲ្យថ្ងៃនេះរបស់អ្នកដទៃអាចពោរពេញទៅដោយក្តីសុខ មិនតែប៉ុណ្ណោះវាក៏អាចធ្វើឲ្យអ្នកមានក្ដីសុខផ្លូវចិត្តបានដូចគ្នា។ ហេតុនេះចូរអ្នកញញឹមឡើង វាមិនមានអ្វីអាក្រក់នោះទេ!

ពិតណាស់ដែលថា ស្នាមញញឹមគឺជាឱសថធម្មជាតិដ៏សក្តិសិទ្ធិមួយ ដែលជួយព្យាបាលរាល់ភាពភ័យខ្លាច ភាពកំសាក និងការបាក់ទឹកចិត្ត។ ស្នាមញញឹមជួយបន្ធូរការនឿយហត់របស់អ្នកមួយគ្រា និងជួយធ្វើឲ្យផ្ទៃមុខរបស់អ្នកដែលធ្លាប់តែកើតទុក្ខប្រែជាស្រស់ថ្លាមួយរំពេច រួមផ្សំជាមួយនឹងការកើនឡើងនូវក្ដីសង្ឃឹមដ៏ល្អមួយដែលមនុស្សទាំងឡាយណាដែលធ្លាប់តែអង្គុយអស់សង្ឃឹម ឬកំពុងតែជួបនូវរឿងបរាជ័យក្នុងជីវិត។

ស្នាមញញឹមរបស់អ្នក គឺមានតម្លៃលើសពីអ្វីដែលអ្នកធ្លាប់គិត។ វាមិនអាចទិញលក់ ឬសុំ , ខ្ចី ឬក៏លួចឆក់យកទៅដោយងាយ ដែលប្រឆាំងនឹងឆន្ទៈណាមួយរបស់អ្នកនោះទេ។ អ្នកត្រូវចងចាំថា បើកាលណាដែលស្នាមញញឹមដែលអ្នកផ្តល់ឲ្យទៅនរណាម្នាក់គឺត្រូវតែជាស្នាមញញឹមដែលផុសចេញពីទឹកចិត្តដ៏ស្មោះត្រង់របស់អ្នក នោះទើបស្នាមញញឹមនោះមានឥទ្ធិពលទៅដល់អ្នកដែលទទួលវា។

អ្នកសាកគិតទៅមើលថា បើអ្នកបានញញឹមទៅនរណាម្នាក់ដែលគេកំពុងតែបាក់ទឹកចិត្ត អន់ចិត្ត ឬក៏គេកំពុងតែកើតទុក្ខលើរឿងអ្វីមួយ ហើយអ្នកបានទៅក្បែរគេ ញញឹមទៅរកគេ ខ្ញុំជឿថាគេក៏ប្រាកដបានជារសាយអារម្មណ៍តានតឹងនោះមួយគ្រាដែរ ពេលនោះខ្លួនអ្នកផ្ទាល់ក៏ហាក់នឹងមានអារម្មណ៍ប្រសើរឡើងពីព្រោះថា អ្នកអាចធ្វើឲ្យមនុស្សដែលនៅក្បែរអ្នកបានធូរស្បើយពីកង្វល់។ ចូរអ្នកញញឹម និងរឹងប៉ឹងឡើង អ្នកគឺជាមនុស្សតែម្នាក់ដែលអាចធ្វើឲ្យពិភពលោកនេះស្រស់បំព្រងព្រោះស្នាមញញឹមរបស់អ្នកគឺមានតម្លៃលើសអ្វីទាំងអស់៕
អត្ថបទដោយ ៖ ប៊ុត បឋវី