រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួនតែងតែពោលថា ហេតុអ្វីបានជាជីវិតរបស់ខ្លួនជួបតែបញ្ហា ជួបតែរឿងមិនចេះចប់មិនចេះហើយ ខណៈអ្នកខ្លះពេលដែលកំពុងតែជួបបញ្ហាក៏សម្រេចចិត្តដើរចេញពីបញ្ហាទាំងនោះដោយមិនព្យាយាមស្វែងរកដំណោះស្រាយ ចំណែកអ្នកខ្លះទៀតក៏សម្រេចចិត្តគិតអវិជ្ជមានមួយពេលជាមួយនឹងបញ្ហាទាំងនោះ ជាហេតុធ្វើឲ្យជីវិតពួកគេជួបតែទុក្ខសោក និងមិនអាចស្វែងរកភាពប្រាកដប្រជា ឬសេចក្ដីសុខបាន។

ក្នុងជីវិតនេះ បុគ្គលណាក៏ដូចបុគ្គលណាដែរ ទោះបីអ្នកកើតមកជាអ្នកក្រ អ្នកមាន មន្រ្តី ឬក្សត្រក្តី ក៏នៅតែជួបបញ្ហាតាំងពីក្មេងរហូតដល់ចាស់ដោយចៀសពុំបាន។ ជីវិតដែលគ្មានបញ្ហាមិនមែនជាជីវិតនោះទេ។ បញ្ហាប្រៀបបាននឹងអាវុធមុខពីរដែលអាចធ្វើឱ្យមនុស្សលិចលង់ ហើយក៏ធ្វើឱ្យមនុស្សរឹងមាំផងដែរ។

បញ្ហាគឺជាកត្តាដែលនាំឲ្យមនុស្សចេះស្វែងរកភាពត្រឹមត្រូវវិញបាន ហេតុនេះមនុស្សគួរកុំមានការបាក់ទឹកចិត្តនៅពេលជីវិតជួបបញ្ហាអី ព្រោះក្នុងលោកនេះអ្នកណាក៏គេជួបបញ្ហាដូចគ្នាដែរ។ បញ្ហាប្រៀបបាននឹងការដកពិសោធពីភាពរឹងមាំរបស់អ្នក ខណៈបើបានជួបហើយ ក៏រកផ្លូវដោះស្រាយទៅ កុំទុកវាចោលអី បើអ្នកទុកចោលមិនព្រមដោះស្រាយ នៅពេលដែលមានបញ្ហាថ្មីៗកើតឡើងមក វានឹងក្លាយជាបណ្តុំនៃបញ្ហាដែលរឹតតែពិបាកដោះស្រាយជាងការដោះស្រាយម្តងមួយៗទៅទៀត៕