រាជធានីភ្នំពេញ ៖ ភាពជោគជ័យ ឬបរាជ័យគឺមានតែមនុស្សទេជាអ្នកកំណត់ មិនមែនរង់ចាំព្រហ្មលិខិតឯណាមកកំណត់ជោគវាសនានៃការបរាជ័យ ឬជោគជ័យរបស់មនុស្សនោះឡើយ។ មនុស្សគ្រប់រូបសុទ្ធតែអាចយកឈ្នះការចាញ់បានដោយគ្រាន់តែបង្កើតសេចក្ដីព្យាយាម និងពង្រឹងគោលជំហរដែលខ្លួនកំពុងតែមានដោយមិនត្រូវមានគំនិតបោះបង់ជាដាច់ខាត នោះអ្វីដែលខ្លួនចង់បានវានឹងអាចសម្រេចគោលដៅជាក់ជាមិនខាន គ្រាន់តែយូរហើយនិងឆាប់តែប៉ុណ្តោះ។

យ៉ាងណាមិញក៏នៅមានមនុស្សមួយចំនួនទៀតតែងតែគិតថា គោលដៅខាងមុខនោះគឺវាពិបាក ខ្លាចថាខ្លួនធ្វើមិនបាន ជាហេតុធ្វើឲ្យគេរារែកចិត្ត និងគិតថាទោះបីខ្លួនសាកល្បងក៏នៅតែមិនអាចទៅដល់ ពួកគេក៏សម្រេចចិត្តពុំព្រមសាកល្បង ដែលនេះហើយគឺជាភាពបរាជ័យពិតប្រាករបស់មនុស្ស។

ជីវិតរបស់មនុស្សគឺទាមទារឲ្យមានការសាក ភ្លក្ស គ្រប់រសជាតិនៃជីវិត ទោះបីពេលខ្លះវាល្វីង វាប្រៃ វាផ្អែមយ៉ាងណាក្ដី ហើយនេះក៏ដើម្បីឲ្យងាយស្រួលរស់នៅចុះសម្រុងនឹងជីវិត និងអាចធ្វើឲ្យខ្លួនអ្នកឈានទៅដល់អ្វីដែលជាក្ដីស្រមៃពិតប្រាកដ ប៉ុន្តែប្រសិនបើអ្នកពុំព្រមភ្លក្យរសជាតនៃជីវិត តើជីវិតអ្នកមានន័យគ្រប់គ្រាន់ដែរឬទេ?