រាជធានីភ្នំពេញ ៖ តើហេតុអ្វីបានជាមនុស្សភាគច្រើនចូលចិត្តការសន្យា? ជាការពិតណាស់ ការសន្យា គឺជាពាក្យសម្រាប់ធ្វើការប្តេជ្ញាជាមួយនឹងខ្លួនឯង ឬនរណាម្នាក់ ដើម្បីឲ្យខ្លួនគេផ្ទាល់ ឬអ្នកដទៃមានជំនឿជឿជាក់មកលើខ្លួនបន្ថែមទៀត ខណៈមនុស្សមួយចំនួនគិតថាការសន្យាគឺជាកត្តាជម្រុញចិត្តដែលធ្វើឲ្យខ្លួនគេប្រឹងប្រែងធ្វើការអ្វីមួយដោយមានភាពជឿជាក់ផងដែរ ស្របពេលដែលមនុស្សមួយចំនួនផ្សេងទៀតហាក់មិនចូលចិត្តប្រើការសន្យាទាំងនោះមកធ្វើជាត្រីមុខនោះឡើយ។

ជាមួយគ្នានេះផងដែរ ពាក្យសន្យាអាចមានតម្លៃ ឬមានប្រសិទ្ធិភាពទៅបានអាស្រ័យទៅលើបុគ្គលដែលជ្រើសរើសពាក្យសន្យានោះផងដែរ ក៏ប៉ុន្តែប្រសិនបើគេសន្យាហើយ បែរជាពុំបានធ្វើតាមនូវអ្វីដែលគេនិយាយលើកឡើងនោះមានន័យថាពាក្យសន្យារបស់ពួកគេប្រៀបដូចទៅនឹងសន្យាផ្សែងផងដែរ ដែលជាហេតុធ្វើឲ្យខ្លួនរបស់គេផ្ទាល់អាចបាត់បង់តម្លៃក្នុងកាលទេសណាមួយ ហើយប្រសិនបើការសន្យានោះត្រូវបានគេប្រើញឹកញាប់ហើយមិនឃើញទទួលបានជាលទ្ធផលនោះជាហេតុធ្វើឲ្យអ្នកដទៃកាន់តែអស់ជំនឿចិត្តថែមទៀតផង។

សន្យាផ្សែង មិនត្រឹមតែពាក្យសន្យាដែលគ្មានន័យខ្លឹមសារតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកដទៃរងភាពក្តៅក្រហាយ មានភាពល្អក់កករក្នុងចិត្តព្រោះការសន្យារបស់បុគ្គលតែម្នាក់នោះថែមទៀតផង។ ហេតុនេះមនុស្សគួរគប្បីគិតឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសន្យាអ្វីមួយទាំងចំពោះខ្លួនឯង ឬអ្នកដទៃ ព្រោះតម្លៃរបស់អ្នកអាចនឹងឡើងឬធ្លាក់ចុះអាស្រ័យទៅលើខ្លួនអ្នកជាអ្នកកំណត់៕
អត្ថបទដោយ ៖ ប៊ុត បឋវី