រាជធានីភ្នំពេញ ៖ មនុស្សមានច្រើនប្រភេទនៅក្នងសង្គម មនុស្សខ្លះនៅពេលដែលអ្នកស្គាល់ឬរាប់អាន បើទោះបីជាគេមិនបានផ្តល់ក្ដីសុខ ឬភាពសប្បាយរីករាយទាំងផ្លូវកាយ ឬផ្លូវចិត្តក្ដី ក៏គេមិនបានធ្វើឲ្យអ្នកទទួលអារម្មណ៍ឈឺចាប់ ឬអារម្មណ៍កើតទុក្ខព្រោះគេដែរ ខណៈមនុស្សខ្លះទៀតនៅពេលដែលអ្នករាប់អាន ឬរាប់រក គេមិនបានផ្តល់ក្ដីសុខឲ្យមកអ្នកនោះទេ ផ្ទុយទៅវិញគេបែរជានាំទុក្ខមកឲ្យអ្នកថែមទៀតផង ស្របពេលដែលមានទស្សនៈមួយបានលើកឡើងថា បើចង់សុខ កុំចំណាយពេលជាមួយមនុស្សនាំទុក្ខឲ្យខ្លួន។

មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាភាពរីករាយ សេចក្ដីសុខ សុភមង្គលមកដល់ខ្លួនគេម្នាក់ៗជាដរាប។ មនុស្សដែលប្រាថ្នាចង់បានសុខ គេតែងព្យាយាមស្វែងរកគន្លឹះ ឬវិធីផ្សេងៗដើម្បីឲ្យជីវិតគេរួចចាកពីទុក្ខទាំងពួង ខណៈពេលខ្លះពួកគេបែរជាប្រឹងភ្ជាប់ខ្លួនជាមួយនឹងចំពូកមនុស្សដែលចូលចិត្តតែបង្កបញ្ហា ឬមនុស្សដែលនាំតែសេចក្ដីទុក្ខមកឲ្យខ្លួនទៅវិញ។

យ៉ាងណាមិញ ដើម្បីរស់នៅមានសេចក្ដីសុខ សុភមង្គល អ្នកគួរកុំចំណាយពេលដ៏ច្រើនលើសលប់ចំពោះមនុស្សដែលចូលចិត្តបង្កបញ្ហា បង្កសេចក្ដីទុក្ខដល់អ្នកដទៃ អ្នកគួររក្សាការចង់បានសេចក្ដីសុខរបស់ខ្លួន និងប្រព្រឹត្តិអំពើល្អ នោះនឹងធ្វើឲ្យអ្នកគេចចេញពីភាពហ្មងសៅទាំងពួងបានមួយកម្រិតផងដែរ៕
អត្ថបទដោយ ៖ ប៊ុត បឋវី