រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗសុទ្ធតែកំពុងប្រឹងប្រែងប្រកបកិច្ចការគ្រប់បែបយ៉ាងដើម្បីទទួលបានការជោគជ័យមួយក្នុងជីវិត ឬដើម្បីទទួលបានប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិត ខណៈអ្នកខ្លះចាយពេលវេលាស្ទើរតែពេញមួយជីវិតរបស់ខ្លួនចំពោះតែរឿងជោគជ័យ និងលុយកាក់ ឬដើម្បីតែមានមុខមាត់ក្នុងសង្គម ដោយមិនគិតខ្វល់ពីសុខភាពខ្លួនឯង ឬលះបង់ពេលវេលាសម្រាក ពេលវេលាលំហែរបស់ខ្លួនទៅវិញ។

ពិតណាស់ គ្មាននរណាម្នាក់ដែលមិនចង់មានប្រាក់ច្រើន គ្មាននរណាម្នាក់ដែលមិនចង់ជោគជ័យនោះទេនៅក្នុងជីវិតនេះ ក៏ប៉ុន្តែមនុស្សគួរសាកងាកត្រឡប់មកគិតសារជាថ្មីឡើងវិញពាក់ព័ន្ធនឹងសុខភាពរបស់ខ្លួន ព្រោះថាប្រសិនបើអ្នកប្រឹងប្រែងជ្រុលពេករហូតដល់ថ្ងៃមួយអ្នកធ្លាក់ខ្លួនឈឺធ្ងន់ នៅនឹងកន្ទេលតើពាននៃការជោគជ័យរបស់អ្នកនឹងជួយអ្នកឲ្យងើបឡើងវិញបានដែរឬទេ? តើលុយតែមួយមុខអាចទិញសុខភាពរបស់អ្នកឲ្យត្រឡប់មកវិញបានដែរឬទេ? ប្រាកដណាស់គឺមិនអាចនោះទេ។

រាងកាយមនុស្សគ្រប់ៗគ្នាសុទ្ធតែទាមទារការសម្រាក ការលំហែ ការកម្សាន្ត ដើម្បីឲ្យជីវិតមានសមតុល្យជាមួយនឹងការងារទាំងឡាយ។ មនុស្សពុំគួរលះបង់សុខភាពរបស់ខ្លួនទាំងស្រុងដើម្បីតែរឿងជោគជ័យ និងរឿងលុយកាក់នោះទេ ព្រោះការខិតខំលះបង់នេះវាពុំអាចធ្វើឲ្យអ្នកដទៃស្ញើចសរសើរនោះដែរ ហើយវាកាន់តែធ្វើឲ្យមនុស្សធ្លាក់ទៅកាន់ជ្រោះនៃសេចក្ដីទុក្ខទៅវិញទេ៕