បរទេស៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​ «មិន​ងាករេ​ដាច់ខាត» ពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​កងកម្លាំង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ជាលើក​ដំបូង​ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់ដណ្តើម​បាន​ការ​គ្រប់គ្រង​ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង​មួយ​នេះ​បាន​ទាំង​ស្រុង​មក។

នៅ​ក្នុង​សុន្ទរកថា​ផ្សាយតាម​ទូរទស្សន៍​ពី​សេតវិមាន ទៅ​កាន់​ប្រទេស​ជាតិ​អាមេរិក លោក Biden បញ្ជាក់​ថា​ បេសកកម្មអាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ «មិន​ដែលមានបំណង​ដើម្បី​កសាង​ប្រទេស​ជាតិ​នោះ​ទេ» ហើយ​ការ​គំរាមកំហែង​ពី​ភេរវកម្ម​ដែល​ជា​កត្តានាំឲ្យ​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​នោះ ឥឡូវ​បាន​រីកសាយ​ហួស​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ទៅ​ហើយ។

លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាភិបាល​អាហ្វហ្គានីស្ថាន​និង​ជ័យ​ជម្នះ​របស់​ក្រុម​តាលីបង់​នៅ​ទូទាំង​ប្រទេស​នេះ បាន​កើត​ឡើង​«លឿន​ជាង​ការ​រំពឹង​ទុក​របស់​យើង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​លោក Biden ថ្លែង​ថា វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ដែល​បញ្ជា​ឱ្យ​ទាហាន​អាមេរិក​បន្ត​ប្រយុទ្ធ ​នៅ​ពេល​ទាហាន​អាហ្វហ្គានីស្ថាន​ខ្លួន​ឯង​មិន​មាន​ឆន្ទៈ​ប្រយុទ្ធ​នោះ ដោយ​លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​វិវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ដែល​បង្ហាញ​ពី​ការ​បរាជ័យ​យ៉ាង​ឆាប់​រហ័ស​របស់​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន កាន់​តែ​គាំទ្របន្ថែម​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​ទ័ព​អាមេរិក​ចេញ ៕