រាជធានីបាងកក៖ បច្ចុប្បន្ននេះ អតីតរាជិនីសម្ផស្សរបស់សៀម ​មានវ័យ១០០ឆ្នាំ ទើបនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca នូវដូសទី១ កាលពីថ្ងៃចន្ទ (ទី២១ ខែមិថុនា) នៅ​ទីក្រុងបាងកក។

សារព័ត៌មានថៃ (The Nation) បានចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ថា បើតាមទំព័របណ្ដាញ​សង្គម Dara Papayon (Movie Stars) បានឲ្យដឹង កាលពីថ្ងៃចន្ទ ថា អតីតរាជិនីសម្ផស្សរបស់សៀម (បច្ចុប្បន្នប្រែឈ្មោះជាថៃ) មានវ័យ១០០ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca នូវដូសទី១របស់អ្នកស្រី នៅក្នុងមន្ទីរពេទ្យ Theptarin ស្ថិតក្នុងទីក្រុងបាងកក។​

អ្នកស្រី Wanee Somprasong មានវ័យ១០០ឆ្នាំ ហើយត្រូវគេចាត់ទុកថា ជាស្រ្ដីវ័យចំណាស់ជាងគេម្នាក់របស់ប្រជាពលរដ្ឋថៃ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ស្ថិតក្នុងទីក្រុងបាងកក។ អ្នកស្រីបានឈ្នះការប្រកួតបវរកញ្ញា ​Nasao Siam (Miss Siam) នៅក្នុងឆ្នាំ១៩៣៥។

ការប្រកួត​បវរកញ្ញា Nasao Siam នេះ បានប្រារព្ធធ្វើឡើង ជាលើកដំបូង នៅក្នុងឆ្នាំ១៩៣៤ បន្ទាប់ពីមានបដិវត្ដន៍របស់ជនជាតិសៀម (​The Siamese Revolution) នៅក្នុងឆ្នាំ១៩៣២ ដែលជាផ្នែកមួយ នៃការរំឭកដល់រដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសថៃ។​ លុះមកដល់​ឆ្នាំ១៩៣៩ កម្មវិធីប្រឡងបវរកញ្ញានោះ ក៏ត្រូវបានប្ដូរឈ្មោះទៅជា «Nangsao Thai (Miss Thailand)» ហើយប្រទេសសៀម​ ក៏ត្រូវប្រែឈ្មោះថ្មីជា ថៃ (Thailand) នៅឆ្នាំនោះដែរ។​

ការប្រកួតបវរកញ្ញានេះ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក។ កញ្ញា Wanee Somprasong ក៏បានឈ្នះជាបវកញ្ញា​លេខ២ នៃការប្រកួតនោះ។ ចំណែកកញ្ញា Kanya Tiansawang បានឈ្នះការប្រកួត នៅក្នុងព្រឹត្ដិការណ៍នោះ នាឆ្នាំ១៩៣៤៕