ខេត្តកំពត ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ២គ្រឿង និងរថយន្តម៉ាកឡិចស៊ីស៥៧០ ១គ្រឿងបុកតគ្នា កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្ត៖ ទី១-រថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស LXS 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-3456 (រងការខូចខាតធ្ងន់) បើកបរដោយឈ្មោះលឹម ស៊ីឌឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) ។ អ្នករួមដំណើរជាមួយមានគ្នាចំនួន៣នាក់ ជាជនជាតិចិន ( របួសធ្ងន់២នាក់) បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ទី២-រថយន្តម៉ាកដេវូ ពណ៌សខៀវ ពាក់ស្លាកលេខ កណ្ដាល 2A-2578 កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0425 បើកបរដោយឈ្មោះជុំ គង់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសបាក់ដៃឆ្វេង) បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

ប្រភពបន្តថា ចំណែក ភាគីរថយន្តទី៣- ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1314 បើកបរដោយឈ្មោះមាង សារ័ត្ថ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូខេត្តកំពត (របួសធ្ងន់) ។ អ្នករួមដំណើរជាមួយ មានឈ្មោះមាង សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសធ្ងន់)និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះ ហើយជនរងគ្រោះទាំង៣បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ បន្ទាប់ពីចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យរួចរាល់ កម្លាំងសមត្ថកិច្ច បានធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តទាំង៣គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕