ផ្ទះខ្មែរបុរាណ ផ្ទះកឹង ឬដែលគេនិយមហៅថា ”ខសង” មានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង។ ផ្ទះនេះសាងសង់ឡើងក្នុងឆ្នាំ ១៩០៧ នាសម័យលោកម្ចាស់កថាថនឈុំ ហើយត្រូវបានកាន់កាប់ដោយម្ចាស់បីជំនាន់មកហើយ។ ផ្ទះបុរាណនេះ បានក្លាយទៅជាផ្ទះដែលមានអាយុកាលចាស់ជាងគេនៅភូមិវត្តគរ សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រចនាបថផ្ទះនេះស្ថិតក្នុងប្រភេទផ្ទះកឹង/ខសង ឬផ្ទះដំបូលពីរជាន់ តួផ្ទះទាំងអស់ធ្វើពីឈើផ្ចឹក លើកលែងតែក្ដារក្រាលធ្វើពីឈើខ្វាវ។ ចំណែកជញ្ជាំងវិញ គឺប្រើបាយអរដែលលាយតាមរូបមន្តពិសេសរបស់ខ្មែរពីបុរាណមាន កំបោរលាយខ្សាច់ ហើយខាងក្នុងមានឫស្សី និងស្ករក្រហម។ នៅតាមបង្អួច និងទ្វារសុទ្ធតែមានពាសដែកការពារមិនអោយចោរគាស់ចូលបាន។ នៅសម័យខ្មែរក្រហម កម្មាភិបាលខ្មែរក្រហមបានមកស្នាក់នៅផ្ទះនេះ ហើយខ្មែរក្រហមបម្រុងរុះរើផ្ទះនេះនៅខែចែត្រឆ្នាំ ១៩៧៩ តែពួកវៀតណាមវាយចូលមកខែមករា ក៏ខកខានមិនបានរើវិញ ដូច្នេះហើយបានជាផ្ទះនេះបាននៅរហូតដល់សព្វថ្ងៃ។
ប្រភព:ជំហាន