រាជធានីភ្នំពេញ៖ មានសហគ្រិនជាច្រើនបានប្រើប្រាស់កម្ចីពីធនាគារ ដើម្បីមកពង្រីកអាជីវកម្ម ហើយក៏មានសហគ្រិនខ្លះបរាជ័យ និងសហគ្រិនខ្លះទទួលបានជោគជ័យ ។ ថ្ងៃនេះខេប៊ីអិន សូមលើកយកពីបទពិសោធន៍របស់សហគ្រិនមួយចំនួន ដែលប្រើប្រាស់កម្ចីពីធនាគារហើយទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ។

លោករ៉េត រី ម្ចាស់សហគ្រាសលក់គ្រឿងដែកនិងគ្រឿងយន្តកសិកម្ម នៅឃុំដុំដែក ស្រុកសូត្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា ដំបូងឡើយអាជីវកម្មរបស់លោកមិនធំបែបនេះទេ គឺគ្រាន់តែអាជីវកម្មសម្រាប់លក់ក្នុងតំបន់ដែលលោករស់នៅប៉ុណ្ណោះ ។ ក្រោយមក ដោយសារតែមានអតិថិជនគាំទ្រកាន់ច្រើន ទើបលោកសម្រេចយកលុយពីធនាគារមកពង្រីកទុន ដោយទិញគ្រឿងដែកមកដាក់ក្នុងសិប្បកម្មបន្ថែម សម្រាប់កែច្នៃទៅជារបស់ផ្សេងលក់ជូនអតិថិជន ។

ការធ្វើបែបនេះក៏កាន់តែធ្វើឱ្យអាជីវកម្មកាក់កបទៅៗ រហូតដល់ផ្គត់ផ្គង់ក្រៅ តំបន់ (ក្រៅខេត្តសៀមរាប ) បន្ថែមទៀត និងបានទិញដែកមកកែច្នៃកាន់តែច្រើនឡើងៗ ហើយធនាគារក៏បានបន្ថែមទុនជួយលោកបន្តបន្ទាប់ពីមួយវគ្គទៅមួយវគ្គ ។

លោកបន្តថា កាលពីលោកយកកម្ចីពីធនាគារដំបូងមកពង្រីកអាជីវកម្ម ខាងមន្ត្រីឥណទានក៏បានចុះមកមើលអាជីវកម្មរបស់លោក ហើយក៏បានយល់ព្រមផ្ដល់ឥណទានឱ្យលោកដើម្បីពង្រីកមុខរបរដោយមិនសួរនាំច្រើននោះទេ ហេតុនេះលោកក៏សម្រេចយកធនាគារមួយនោះ ដើម្បីជាដៃគូក្នុងការអភិវឌ្ឍអាជីវកម្មតែម្ដងទៅ ។ លោកថា៖«ឥណទានដែលខ្ញុំទទួលបានពីធនាគារ ខ្ញុំបានយកពាក់កណ្ដាលមកពង្រីកអាជីវកម្ម ហើយពាក់កណ្ដាលទៀតខ្ញុំយកទៅ ទិញដីនិងទិញផ្ទះនៅតាមខេត្តខ្លះនិងភ្នំពេញ ដើម្បីលក់ចំណេញនៅពេលបន្ទាប់ » ។

លោកបន្ថែមថា ពេលយកឥណទានមកប្រើដំបូងមានអារម្មណ៍ថាខ្មាសគេ តែនៅពេលដែលយកមកហើយស្រាប់តែអាជីវកម្មបែរជាមានការរីកលូតលាស់ លោកមានអារម្មណ៍លែងខ្មាសគេ ដូច្នេះការយកលុយមកចាយក្នុងផ្លូវត្រូវ មិនគួរមានអារម្មណ៍ខ្មាសគេនោះទេ ។ អ្នកខ្មាសគេ ជាអ្នកដែលយកមកចាយវាយអត់ទិសដៅច្បាស់ទៅវិញទេ ។

លោកជិម តេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅផ្សារដុំដែក ស្រុកសូត្រនិគម បានឱ្យដឹងផងដែរថាតាមរយៈកម្ចីរបស់ធនាគារផងដែរ បានធ្វើឱ្យលោកមានលទ្ធភាពក្នុងការពង្រីករោងម៉ាស៊ីនដោយដំឡើងពីម៉ាស៊ីនតូចទៅម៉ាស៊ីនធំ ដើម្បីបង្កើនអង្ករផ្គត់ផ្គង់លើទីផ្សារជាពិសេសនៅភ្នំពេញ ។

ចំណែកអ្នកស្រុកម៉ែន ចរិយា ម្ចាស់សិប្បកម្មផលិតទឹកកកនៅក្រុងសៀមរាប ក៏បាននិយាយផងដែរថា លោកស្រីក៏ទទួលបានជោគជ័យគួរកត់សម្គាល់ផងដែរ តាមរយៈការយកកម្ចីពីធនាគារមកពង្រីកអាជីវកម្ម ។ លោកស្រីនិយាយថា៖« កាលពីដំបូងៗ យើងផលិតតែទឹកកកដើម និងមានឡានតិចតួចប៉ុណ្ណោះ តែក្រោយមក បន្ទាប់ពីបានទុនពីធនាគារ យើងក៏បានពង្រីកការផលិតទឹកកកអនាម័យ និងបានពង្រីកការផ្គត់ផ្គង់កាន់តែច្រើនក្នុងក្រុងសៀមរាប » ។

សូមបញ្ជាក់ថាម្ចាស់អាជីវកម្មទាំងបីខាងលើ គឺជាអតិថិជនរបស់ធនាគារអេស៊ីលីដា ដោយលើកហេតុផលថា ធនាគារអេស៊ីលីដា ជាធនាគារដែលងាយស្រួលក្នុងការផ្ដល់កម្ចីជូនពួកគាត់ ហើយការផ្ដល់កម្ចីមានភាពរហ័ស មិនស្មុគ្រស្មាញ និងមិនធ្វើឱ្យអតិថិជនរង់ចាំយូរឡើយ ។ ពេលមកសិក្សាអាជីវកម្ម បើបានគេថាបានបើមិនបានគឺប្រាប់ថាមិនបាន នេះជាភាពងាយស្រួលមួយរបស់អតិថិជន ។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ផងដែរថា ដោយសារតែវិស័យសហគ្រាសធុនតូច និងមធ្យមនៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ច ក្នុងឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា បានត្រៀមមូលនិធិថវិកាប្រមាណ ៦០០លានដុល្លារសម្រាប់ផ្ដល់ជូន SME នៅក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្មបន្ថែម ៕